ដោយ ៖ កូវ ប៊ុនហេង
ខេត្តព្រះវិហារ ៖ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវគេមើលឃើញថា គឺជាអង្គភាពជួរមុខមួយ ដែលមានអង្គភាពចំណុះជាច្រើនទៀត បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការងារការពារជាតិ និងប្រជាជន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ អនុវត្តន៍ទៅតាមគោលការណ៍ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី៤។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ជាមេបញ្ជាការអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រៅពីកិច្ចការងារការពារជាតិ ដ៏មមារញឹក ក៏នៅបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងវិស័យនានាជាច្រើនទៀត នៅក្នុងសង្គមកម្ពុជា ដូចជា វិស័យមនុស្សធម៌ និងសង្គមធម៌ នោះជាដើម។
លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ដោយអនុវត្តន៍ទៅតាមគោលនយោបាយ រាជរដ្ឋាភិបាល និងដោយមើលឃើញ ពីទុក្ខលំបាក ខ្សត់ខ្សោយជីវភាពរស់នៅប្រចាំថ្ងៃ មានដីអត់ផ្ទះ និងមានខ្ទមខ្វះដី សម្រាប់ជាទីជម្រកចិញ្ចឹមជីវិត របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជននោះ នៅក្នុងរវាង២សប្តាហ៍បន្តបន្ទាប់គ្នា នាខែឧសភានេះ គឺ ចាប់ពីថ្ងៃទី៥ឧសភា ដល់ថ្ងៃទី១៧ឧសភាឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ទោបានបន្តដឹកនាំមន្ត្រីក្រោមឧិវាទគ្រប់លំដាប់ថ្នាក់ តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានស្រុក ឃុំ និងភូមិ បានចុះទៅកាន់ទីតាំងចំនួន ៤ ក្នុងខេត្ត ដើម្បីជួយសាងសង់ផ្ទះ ជួបសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ នៅក្នុងសម័យអតីតកាល ក្នុងបុព្វហេតុការពារជាតិ និងប្រជាជនកម្ពុជា អោយរស់រានមានជីវិត និងប្រទេសជាតិ ទទួលបានសុខសន្តិភាព រហូតមកដល់គ្រាបច្ចុប្បន្ន ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍ទោបានមានប្រសាសន៍ទៀតថា ទីតាំងដែលត្រូវចុះអោយដល់មូលដ្ឋានរស់នៅ របស់គ្រួសារអតីតយុទ្ធជននោះ គឺមាន៤កន្លែង និងស្ថិតនៅក្នុងស្រុកផ្សេងៗពីគ្នាក្នុងខេត្ត គឺនៅថ្ងៃទី១៥ឧសភា ដល់ថ្ងៃទី១៨ ឧសភា២០២០ ក្រុមការងារបានចុះជួបសួរសុខទុក្ខ ផ្តល់ថវិកា និងគ្រឿងបរិភោគ ជូនលោក ឥត ឆ្លាម អាយុ ៥៥ឆ្នាំ ជាជនពិការ រស់នៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន។ ហើយលោកឧត្តមសេនីយ៍ទោ បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ដល់គ្រួសារលោក ឥត ឆ្លាម ចំនួន ៤លានរៀល អង្ករ១៥០គីឡូក្រាម ទឹកផ្លែឈើ១កេស ទឹកស៊ីអ៊ីវ២យួរ និងទឹកបរិសុទ្ធ១កេស។
លោកឧត្តមសេនីយ៍ទោបានបន្តថា នៅថ្ងៃទី១១ឧសភាឆ្នាំ២០២០ លោក និងក្រុមការងារ បាបន្តនាំយកថវិកា និងគ្រឿងបរិភោគ ទៅឧបត្ថម្ភដល់គ្រួសារពលី ៣គ្រួសារ នៅក្នុងស្រុករវៀង គឺ ១. សំ យឿន ភេទស្រី អាយុ៨៥ឆ្នាំ ២. ប៉ាន សារុំ ភេទស្រី អាយុ៦០ឆ្នាំ និង៣. ចាន់ រ៉ែន ភេទស្រី អាយុ៦៥ឆ្នាំ ដោយក្នុង១គ្រួសារៗ ទទួលបានថវិកា ១៣ម៉ឺនរៀល អង្ករ១បេ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ មុង២ មី១កេស និងអតីតយុទ្ធជន ២នាក់ផ្សេងទៀត ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ថែមទៀតផង។
លោកថា នៅក្នុងស្រុករវៀងដដែល នាថ្ងៃទី៩ឧសភាឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ទោបានបន្តដឹកនាំក្រុមការងារ ចុះសាងសង់ផ្ទះថ្មី១ខ្នង ជូនលោក ចៅ សុត្ថា អាយុ៦១ឆ្នាំ ជានិវត្តជន រស់នៅក្នុងភូមិថ្នល់កោង ឃុំរំដោះ ដោយផ្ទះនោះសង់ក្នុងទំហំ ៥x៧ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ចំណាយថវិកាអស់ ៩លាន ៥សែនរៀល។ ដោយឡែក នៅថ្ងៃទី៥ឧសភាឆ្នាំ២០២០ លោកបានបន្តដឹកនាំមន្ត្រី និងក្រុមការងារចុះកាន់ស្រុកគូលែន ដើម្បីសាងសង់ផ្ទះថ្មី១ខ្នង ទំហំ៥x៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី និងបានចំណាយថវិកាអស់ ៩លាន ៥សែនរៀល ជូនលោក សុខ សារិន អាយុ៥១ឆ្នាំ ជានិវត្តជន រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានមានប្រសាសន៍បញ្ជាក់ថា ថវិកាដែលបានចំណាយ ក្នុងការសាងសង់ផ្ទះថ្មី២ខ្នង ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន និងអតីតយុទ្ធជនកម្ពុជា មានចំនួន ២៣លាន ៣សែន ៩ម៉ឺនរៀល។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា អំណោយ និងថវិកា ដែលបាននាំយកមកសាងសង់ផ្ទះ និងឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនកម្ពុជា ទាំងក្នុងពេលនេះ និងនៅពេលកន្លងមក គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
លោកថា សកម្មភាពមនុស្សធម៌ និងសង្គមធម៌នេះ នៅតែបន្តទៅមុខដូចភ្លៀងរលឹម ដោយអនុវត្តន៍ទៅគោលការណ៍ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី៤ ជាពិសេស អនុវត្តន៍.ទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។គ្រួសារអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា៕