សម្តេចសង្ឃនាយក នន្ទ ង៉ែត ណែនាំ​ឱ្យ​ចាប់ផ្សឹក​ព្រះតេជគុណ ឡុង ចន្ថា 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ នៅថ្ងៃទី១៨ ខែឧសភា ម្សិលមិញនេះ បានចេញសង្ឃលិខិតណែនាំទៅព្រះមេគណទាំង ២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ព្រះតេជគុណ ឡុង ចន្ថា ទៀតនោះឡើយ ហើយត្រូវសហការជាមួយអាជ្ញាធរ ចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យាដែលបានធ្វើ។

វិធានការ ដែលចេញដោយសម្តេចព្រះសង្ឃនាយកនេះ ធ្វើឡើងបន្ទាប់ពីព្រះសង្ឃ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យាក្នុងការលាចាកសិក្ខាបទ ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យនាពេលកន្លងទៅ។

ក្នុងសង្ឃលិខិត សម្តេចព្រះសង្ឃនាយក បានចាត់ទុកការមិនធ្វើតាមសន្យារបស់ព្រះសង្ឃ ឡុង ចន្ថា ជាកាយវិការមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាកាយវិកាប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ដែលពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងព្រះពុទ្ធសាសនាបន្តទៀតបានឡើយ។

សូមបញ្ជាក់ថា ព្រះតេជគុណ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានសន្យាថានឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ បន្ទាប់ពីបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយនារីភេទក្នុងទំនាក់ទំនងស្នេហា។ ប៉ុន្តែ ព្រះសង្ឃអង្គនេះ មិនបានធ្វើតាមកិច្ចសន្យានោះទេ និងបានគេចខ្លួនផងដែរ៕