(Video)ភាពចម្រូងចម្រាស់នៃការទន្ទ្រានដីព្រៃមាត់សមុទ្រ ២គ.ម.ឈានដល់វាយកម្ទេចបង្គោលព្រំដីរបស់រដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2020 ក+ ក-

ខេត្តកែប ៖ បង្គោលបោះកំណត់សម្គាល់ព្រំដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផល- ខេត្តកែប ត្រូវបានគេយកគ្រឿងចក្រទៅគាស់កកាយវាយកម្ទេចចោល និងបានកាយវាតទី ធ្វើព្រំថ្មីហ៊ុំពទ្ធ័យកដីព្រៃលិចទឹក ប្រមាណ ២គីឡូម៉ែត្រ។ ដីដែលកំពុងចម្រូងចម្រាស់នេះ ជា ដីព្រៃលិចទឹក សំបូទៅដោយដើមកោងកាង ស្ថិតនៅខាងត្បូងស្ពានដែក ជាប់នឹងដីមាត់សមុទ្រ និងស្រែអំបិល នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

នៅប៉ុន្មានថ្ងៃនេះ តំបន់ដីព្រៃលិចទឹកនៅជាប់មាត់សមុទ្រដ៏មានប្រជាប្រីយ៍មួយនេះ ត្រូវបានគេយកគ្រឿងចក្រកាយធ្វើជាព្រំហ៊ុំពទ្ធ័យកធ្វើជាកម្មសិទ្ធ និងវាយកម្ទេចបង្គោលបេតុងរបស់មន្ត្រីជលផលខេត្តកែប អស់ចំនួន ៥ដើមផងដែរ។

បើតាមការឲ្យដឹងពីមន្ត្រីជលផល បញ្ជាក់ថា បង្គោលបេតុងដែលបានបោះនៅតំបន់នោះ ជាថវិការរបស់រាជរដ្ឋាភិបាល សម្រាប់កំណត់ព្រំដីព្រៃលិចទឹក ដោយមានសរសេរអក្សរបញ្ជាក់នៅលើនោះទៀតផង។

លោក ចក់ ស៊ីនាថ មន្ត្រីជលផលខេត្តកែប មិនបាននិយាយប្រាប់លំអិត រឿងគេវាយកម្ទេចបង្គោលដែលក្រុមមន្ត្រីរបស់ខ្លួនយកទៅបោះព្រំដីនោះទេ លោកគ្រាន់តែនិយាយថា មានគេរារាំងមិនអោយយកបង្គោលទៅបោះកំណត់ព្រំដី ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីជលផលនោះទេ។ នៅព្រឹកថ្ងៃទី១៦ ខែឧសភា អ្នកយកព័ត៌មាន បានទូរស័ព្ទទាក់ទងទៅឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ចំនួន ២ដងដែរ តែមិនមានអ្នកលើកទទួល។
ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប ធ្លាប់បានប្រតិកម្មម្ដងរួចមកហើយ ចំពោះមន្ត្រីស្រុកដំណាក់ចង្អើរ ដែលមិនបានរាយការណ៍រឿងរ៉ាវលម្អិតដែលថាមានបុគ្គលមួយចំនួនចាក់ដី និងធ្វើរបងយកដីរបស់រដ្ឋ។

លោក ព្រំ គន្ធិ អភិបាលរងខេត្តកែប បាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី១៨ ខែឧសភា នេះថា ពាក់ពន្ធ័នឹងករណីយកគ្រឿងចក្រទៅកាយហ៊ុំពទ្ធ័យកដីព្រៃលិចទឹកនេះ បើតាមដឹងភាគីខាងម្ចាស់ដី បានប្រាប់ថា គេមានឯកសារដែរ តែមិនទាន់ឃើញច្បាស់លាស់ទេ។ លោក អភិបាលរងខេត្តកែប បាននិយាយប្រាប់ថា នៅថ្ងៃទី១៩ ខែឧសភា នេះ រដ្ឋបាលខេត្តកែប នឹងកោះប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សារឿងវិវាទដីព្រៃលិចទឹកនៅតំបន់នោះ។

ដោយឡែក អតីតម្ចាស់ស្រែអំបិល នៅខាងត្បូងស្ពានដែក ស្ថិតនៅភូមិអង្កោល នេះ បាននិយាយប្រាប់ថា ដីស្រែអំបិលនេះ មានចំនួន ៤០ហិកតា តែបច្ចុប្បន្ននេះ លោកបានផ្ទេរលក់អោយទៅលោកឧកញ៉ាម្នាក់នៅភ្នំពេញបាត់ទៅហើយ។

ទោះជាបែបណា ដីព្រៃលិចទឹកនៅជាប់មាត់សមុទ្រដូចបានរៀបរាប់ខាងលើនេះ គេឃើញ មានគ្រឿងចក្រដំណើរការគាស់កកាយវាតទីធ្វើព្រំដីថ្មីសុទ្ធសាធ ហើយគ្រឿងចក្រដែល កំពុងធ្វើសកម្មភាពនោះ ស្ថិតក្នុងភាពលំបាកដោយសារដីភក់ផុងល្បប់ ដែលគេត្រូវក្រាល បន្ទះដែកផ្ទាំងធំៗជាធ្ចើជាផ្លូវទើបត្រាក់ទ័រអាចបើកបរធ្វើការគាស់កកាយបាន។

សូមជម្រាបថា ការកាយធ្វើព្រំដីខាងលើនេះ មានប្រវែងប្រហែលជា ២គឺឡូម៉ែត្រ ហើយមន្ត្រីស្រុកដំណាក់ចង្អើរ ទំនងជាព្យាយាមលាក់បាំងរឿងនេះ ទើបធ្វើអោយថ្នាក់ខេត្ត មិនអាចទទួលបានព័ត៌មានច្បាស់លាស់ នាំឲ្យពិបាកក្នុងការចាត់វិធានការ៕