អាមេរិកគ្រោង​លក់​គ្រាប់បែកបំពាក់លើនាវាតម្លៃ១៨០លានដុល្លារឱ្យតៃវ៉ាន់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2020 ក+ ក-

អាមេរិក ៖ រដ្ឋាភិបាល​អាមេរិកបាន​ដាក់សំណើទៅសភា​ ដើម្បីបើកលទ្ធភាព​លក់គ្រាប់បែកបុក​ដែលបំពាក់លើនាវាក្នុងតម្លៃ១៨០លានដុល្លារឲ្យតៃវ៉ាន់ ខណៈដែលកាយវិការនេះត្រូវបានគេមើលថា នឹង​បង្កើនកម្តៅថែមទៀត ក្នុងទំនាក់ទំនងរវាង​ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីងតោន។ នេះបើយោងតាមសារព័ត៌មាន Channelnewsasia។

យោងតាម​ភ្នាក់ងារសហប្រតិបត្តិការ​សន្តិសុខ​ការពារជាតិអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២០ ឱ្យដឹងថា ក្រសួងការ​បរទេស​បាន​យល់ព្រមលក់​គ្រាប់បែកម៉ាក MK-48 Mod6 ចំនួន១៨គ្រាប់ និង​សម្ភារៈពាក់ព័ន្ធផ្សេងទៀត​ដែលមាន​សរុបប្រហែល១៨០លានដុល្លារ។

ការ​យល់ព្រមនេះ គឺ​ដើម្បី​បម្រើឱ្យផលប្រយោជន៍​សន្តិសុខ និង​សេដ្ឋកិច្ច​អាមេរិក ដោយ​ការ​គាំទ្រកិច្ចប្រឹងប្រែង​របស់​តៃវ៉ាន់ ក្នុងការធ្វើទំនើបកម្ម​កងទ័ព និង​រក្សា​សមត្ថភាព​ការពារខ្លួន។

ការប្រកាស​នេះ ក៏ធ្វើឡើង​ស្របពេល​ដែល​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen ស្បថចូលកាន់តំណែង​អាណត្តិទី២ កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០២០៕