ពលរដ្ឋខ្មែរជាង១០០នាក់ត្រូវថៃបញ្ជូនត្រឡប់មកវិញ ក្រោយលួចឆ្លងដែនដោយខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 May, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ១១០នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ ចាប់បញ្ជូនមកវិញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយលួចឆ្លងដែនចូលទៅប្រទេសគេដោយខុសច្បាប់ ខណៈកំពុងរឹតបន្ដឹងប្រទេសកម្ពុជា-ថៃ កំពុងរឹតបន្ដឹងច្រកព្រំដែន។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរជាង១០០នាក់នេះ ត្រូវបានទាហានថៃ ប្រគល់មកឲ្យកម្លាំងនគបាលប៉ុស្តិ៍ ការពារព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយខេត្តបន្ទាយមសនជ័យ។

លោកអនុសេនីយ៍ឯក កែវ ឌឿន មេប៉ុស្តិ៍នគបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនមកវិញនេះ មានស្ដ្រី៤៥នាក់ ក្មេង៤នាក់។

ក្រោយបញ្ជូនត្រឡប់មកវិញ ពលករខ្មែរខាងលើត្រូវបានយកទៅដាក់ឲ្យនៅដាច់ដោយឡែក នៅវិទ្យាល័យសំពៅលូន ដើម្បីពិនិត្យសុខភាព ដោយមានការអប់រំណែនាំថ្នាក់ដឹកនាំខេត្តផងដែរ៕