ភ្នំពេញ ៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនឯកជនចំនួន ២មកពីប្រទេសជប៉ុន គឺក្រុមហ៊ុន NIPPON Express និង ក្រុមហ៊ុន Xamato Green ដែលមានចំណាប់អារម្មណ៍ និងមានបំណងវិនិយោគលើអនុវិស័យដំណាំកសិកម្ម នៅប្រទេសកម្ពុជា។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
លោក Nabeshima Katsuhito នាយកក្រុមហ៊ុន Xamato Green បានសង្ខេបអំពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍លើដំណាំបន្លែ និងផ្លែឈើ ដោយរាប់ចាប់តាំងពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស។ លោកបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ គម្រោងខាងលើបានចេញជារូបរាងហើយ ប៉ុន្តែការងារដែលក្រុមហ៊ុនរបស់លោកត្រូវអនុវត្តបន្ទាប់គឺកិច្ចសហការ និងការគាំទ្រពីអគ្គនាយកដ្ឋានកសិកម្ម តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ដើម្បីឱ្យគម្រោងនេះអាចអនុវត្តទៅបានដោយរលូន និងជោគជ័យ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ លោកប្រតិភូ បានសំដែងការរីករាយ និងគាំទ្រពេញទំហឹងលើការវិនិយោគរបស់ក្រុមហ៊ុនទាំងពីរក្នុងការអភិវឌ្ឍដំណាំបន្លែ និងផ្លែឈើនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះពិតជាឆ្លើយតបចំទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវិស័យសាកវប្បកម្មឱ្យមានការរីកចម្រើន។
អគ្គនាយកដ្ឋានកសិកម្ម ជឿជាក់ថា ការរួមសហការវិនិយោគរវាងក្រុមហ៊ុនធំទាំងពីរខាងលើ នឹងអាចទាក់ទាញក្រុមហ៊ុនឯកជនផ្សេងៗទៀតឱ្យមានចំណាប់អារម្មណ៍ និងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាបន្តបន្ទាប់។ អគ្គនាយកដ្ឋានកសិកម្ម ក៏បានត្រៀមលក្ខណៈសហការយ៉ាងជិតស្និតក្នុងការងារនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនទាំងពីរពន្លឿនការរៀបចំអនុស្សារណៈនៃការយោគយល់ ដើម្បីអាចចាប់ផ្តើមការងារនេះ៕