ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវ និងមិនត្រូវហៅរាល់យានយន្តរបស់ប្រជាពលរដ្ឋកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវសួរនាំនោះទេ បើសិនយានយន្តទាំងនោះមិនល្មើសច្បាប់ចរាចរណ៍។
ការបញ្ជារបស់អគ្គស្នងការនគរបាលជាតិបែបនេះធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះ មានការថ្នាំងថ្នាក់ចំពោះនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈរថយន្តទាំងនោះ កំពុងធ្វើការបើកបរធម្មតា នៅតាមដងផ្លូវនោះ។
តាមរយៈសារសំឡេងក្នុងតេលេក្រាម ដែលទទួលបាននាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០នេះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា «ប្រសិនបើមានស្នងការនគរបាល រូបណាប្រព្រឹត្តទង្វើបែបនេះទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ថ្មី ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ខណៈដែល កាលពីឆ្នាំ២០១៩ កន្លងទៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្សជិតពីរពាន់នាក់ បានស្លាប់ និងរាប់ម៉ឺននាក់បានរងរបួសធ្ងន់–ស្រាល។ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺរាជរដ្ឋាភិបាលធ្វើឡើងដើម្បីគុណប្រយោជន៍របស់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ពួកគាត់តែប៉ុណ្ណោះមិនមែនធ្វើឡើងដើម្បីសង្កត់ករ ឬក៏ធ្វើបាបជីវភាពរបស់ប្រជាពលរដ្ឋនោះឡើយ។
ក្រោយពីរនគរបាលចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល២៥ថ្ងៃ មកនោះនគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣៦៧៩៩គ្រឿង ក្នុងនោះម៉ូតូ ២៦៧៨២គ្រឿង និងរថយន្តគ្រប់ប្រភេទ១០០១៧ គ្រឿង។
យ៉ាងណាក៏ដោយនៅក្នុងអំឡុងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋ មួយចំនួនមានការមិនពេញចិត្តចំពោះបារ៉ាស់ របស់នគរបាល នៃខេត្តមួយចំនួនដែលបានដាក់ដើម្បីស្ទាក់ចាប់ពួកគាត់ដែលពុំមានខុសនឹងច្បាប់ចរាចរណ៍ផងដែរនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីនាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋ កាន់តែច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយពីរាជរដ្ឋាភិបាលបានរឹតបន្តឹងខ្លាំងចំពោះការអនុវត្តច្បាប់ ដោយរយៈពេលជិតមួយខែមកនេះបន្ទាប់ពីរឹតបន្តឹងនោះកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសបានច្រើនផងដែរ៕