ភ្នំពេញ ៖ រហូតដល់ម៉ោង៨ និង០០ព្រឹក ថ្ងៃទី ២៧ ឧសភា ២០២០ ក្រសួងសុខាភិបាល ពុំរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មីទេ ពោលគឺចំនួនសរុប ១២៤នាក់ដដែល។ ក្នុងនោះចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ២នាក់ និងជាសះស្បើយហើយចំនួន១២២នាក់។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់ថា ជំងឺកូវីដ១៩ នៅតែបន្តគំរាមកំហែងជាប់ជានិច្ច ដោយអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
«យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ យើងបានធ្វើតេស្តចំនួន ១៨៦០៧ស្មើនឹង១១២០ ក្នុង១លាននាក់»៕