ឆ្មក់ចាប់បានសាច់សត្វព្រៃជាច្រើន និងសត្វអណ្តើកទឹកពីភោជនីយដ្ឋានមួយនៅខេត្តកោះកុង
ខេត្តកោះកុង ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា នៅថ្ងៃទី ២៥ ឧសភា ២០២០ បានបង្ហាញពីលទ្ធផលពីការឆ្មក់ចាប់មួយនៅក្នុងខែនេះ ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ដោយបានធ្វើការដកហូតសាច់សត្វព្រៃទម្ងន់៧១គីឡូក្រាម សត្វអណ្តើកទឹករស់ចំនួន១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើកយ៉ាងច្រើនដែលមានទម្ងន់៥០គីឡូក្រាមពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានបន្តថា ចំពោះសត្វអណ្តើកដែលនៅរស់ក្រុមការងារក៏បានដោះលែងឱ្យត្រលប់ចូលទៅក្នុងព្រៃវិញ និងរីឯសាច់សត្វព្រៃត្រូវបានដុតបំផ្លាញចោល។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា បញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ការបរិភោគសាច់សត្វព្រៃគឺជាការជំរុញឲ្យមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា៕