ថៃផ្តល់ថវិកា២លានបាតដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2020 ក+ ក-

ភ្នំពេញ ៖ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាចំនួន២លានបាត ដើម្បីចូលរួមចំណែកដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបនៅព្រឹកម៉ិញថា លោកអគ្គរាជទូតថៃ បានធ្វើការជាមួយនឹងបណ្ដាក្រុមហ៊ុនថៃនៅកម្ពុជា ដោយធ្វើការណែនាំធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតំលៃទំនិញនៅកម្ពុជា ពិសេសបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះ ឲ្យមានការចែករំលែកនូវសម្ភារៈអនាម័យ ដូចជាម៉ាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលដែលជំងឺកូវីដ១៩ នៅកម្ពុជា។ លោក បានណែនាំក្រុមហ៊ុនថៃទាំងអស់ ធ្វើយ៉ាងណាគោរពនូវរាល់វិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃ លោកបានពាំនាំនូវថវិកាចំនួន២លានបាត ប្រគល់ជូនសម្ដេចតេជោ ដើម្បីជាការចូលរួមចំណែកក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺ១៩។

សម្ដេចតេជោ បានមានប្រាសាសន៍ថា វិធានការទាំងឡាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម ហើយក្នុងចំណោមប្រជាជនកម្ពុជាបានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជា ជាង៩ម៉ឺននាក់ ហើយជាង៩ ម៉ឺននាក់នេះ ពុំមានជនណាម្នាក់នាំយកនូវជំងឺកូវីដនោះឡើយ។

សម្ដេចតេជោបានមានប្រសាសន៍ថានេះក៏ជាការឆ្លុះបញ្ចាំងមួយដែលថាប្រទេសថៃមិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ។ លើសពីនេះទៀតសម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថៃផងដែរថា ថ្មីៗនេះឯកអគ្គរាជទូតកម្ពុជានៅប្រទេសថៃបានកំពុងតែអំពាវនាវនិងធ្វើការជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងតែរស់នៅក្នុងប្រទេសថៃ ធ្វើយ៉ាងណាឱ្យអនុវត្តឲ្យខាងតែបានតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃដែលបានដាក់ចុះដើម្បីទប់ស្កាត់ការរីករាលដាលនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕