ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះបានបន្តអំពាវនាវជាថ្មី ទៀតដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លង COVID-19 ដ៏កាចសាហាវបំផុតនេះ។
សម្តេច ហ៊ុន សែន បានសរសេរនៅលើបណ្តាញ Facebook នៅថ្ងៃនេះថា សូមប្រុងប្រយ័ត្ន រលកទី២នៃការរាត្បាតជំងឺឆ្លងកូវីដ១៩ ។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សា អនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់ នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ។
សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយក ចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើប ឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។
មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (5,491,678) ហើយស្លាប់ជាង30ម៉ឺននាក់ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី2នាក់ផងដែរ។
មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់ មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។
សូមបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការ សង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។
យើងទាំងអស់គ្នា ត្រូវបន្តចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩នៅទូទាំង ប្រទេស៕