ភ្នំពេញ ៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២០ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថា ផ្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ទន្ទឹមនោះ លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើសិនជាបានឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរសព្ទមកលេខ 117 ហៅចូលដោយឥតគិតថ្លៃ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបថា ផ្លាកលេខ «នគរបាល 2-7715» ជាកម្មសិទ្ធិរបស់រថយន្ដម៉ាក Ford Ranger ពណ៌ស ស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាន នគរបាលទេសចរណ៍។
សូមជម្រាបថា នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Facebook មានការ Share រូបភាពឡានស៊េរីទំនើប Rolls-Royce និង Mercedes តែពាក់ផ្លាកលេខ «នគរបាល» បង្កឲ្យមានការរិះគន់៕