៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញផ្លែម្ទេសស្រស់ទៅប្រទេសថៃ សម្រេចបានជាង៣ម៉ឺនតោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2020 ក+ ក-

ភ្នំពេញ ៖ នៅរយៈពេល៥ខែដំបូងឆ្នាំ២០២០នេះ កម្ពុជានាំចេញផ្លែម្ទេសស្រស់ទៅកាន់ប្រទេសថៃ សម្រេចបានជាង៣ម៉ឺនតោន ដែលចំនួននេះមានកើនយ៉ាងខ្លាំងបើធៀបនឹងឆ្នាំកន្លងទៅ។ នេះបើការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ។

លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «លទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជា ទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា មាននិន្នាកាកើនឡើងជាលំដាប់។ ជាក់ស្តែងនៅឆ្នាំ២០១៥ យើងសម្រេចនាំចេញបាន ១,០០២ តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១,៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១,៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥,៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥,៥១៣ តោន។ ដោយឡែក ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ ដើមឆ្នាំ២០២០នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០,៨៥២តោន»។

សូមជម្រាបថា ប្រជាជនថៃនិយមចូលចិត្ត ពិសាម្ទេសជាអាហារប្រចាំថ្ងៃរបស់ខ្លួន ដែលតម្រូវការនេះធ្វើឲ្យកម្ពុជា មានឱកាសអាចនាំចេញទៅប្រទេសនេះបាន ដើម្បីបំពេញការខ្វះខាត។ ម្ទេសដែលកម្ពុជានាំចូលទៅថៃភាគច្រើនជាម្ទេសដៃនាង និងម្ទេសអាចម៍សត្វ៕