ភ្នំពេញ៖ បុរសខូចចិត្តវ័យជាង៣០ឆ្នាំម្នាក់បានចង.កប៉ងសម្លាប់ខ្លួននៅក្នុងឃ្លាំងស្តុកផ្លែឈើកំប៉ុងមិនបានសម្រេចនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មូលហេតុដោយសារសុំអង្វរដល់ប្រពន្ធរបស់ខ្លួនមករស់នៅជាមួយគ្នាវិញមិនបាន។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនេះមានឈ្មោះ ទេព វណ្ណៈ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ ប្រពន្ធមានឈ្មោះ ឌីម ម៉ារីណា អាយុ២៧ឆ្នាំ មុខរបរបំរើការងារនៅក្នុងហាងកែសម្ផស្ស មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្តាល។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានកូនប្រុសម្នាក់នៅ ក្នុងបន្ទុក។
តាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ពានថ្មបានឲ្យដឹងថា មុនពេលកើតហេតុគឺបុរសរងគ្រោះ នេះគាត់បានសុំអង្វរប្រពន្ធគាត់សុំជានារស់នៅជាមួយគ្នាវិញ ប៉ុន្មានថ្ងៃមកហើយតែប្រពន្ធអត់ព្រម។ លុះព្រឹកឡើងថ្ងៃកើតហេតុបុរសរូបនេះក៏បានមកសុំប្រពន្ធគាត់ម្តងទៀត ប្រពន្ធនៅតែមិនព្រមក៏ស្រាប់តែគាត់លួចផ្លោះរបងចូលដីឡូតិ៏មួយកន្លែងជាឃ្លាំងស្តុកឡាំងផ្លែឈើក៏យកខ្សែចងភ្ជាប់នឹងធ្នឹមឈើកាត់ទទឹងកម្ពស់ជាង២ម៉ែត្របំណងធ្វើអត្តឃាតតែម្តង។ខណៈនោះប្អូនថ្លៃស្រីបានដឹងរឿងនេះក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចប្រចាំការនៅក្បែរកន្លែងកើតហេតុឲ្យមកជួយអន្តរាគមន៍យកកាំបិតកាត់ផ្តាច់ខ្សែធ្លាក់មកក្រោមរួចផុតពីសេក្តីស្លាប់។
ស្ត្រីជាប្រពន្ធឈ្មោះ ឌីម ម៉ារីណា បានប្រាប់សមត្ថកិច្ចថា មូលហេតុដែលរូបនាងមិនព្រមរស់នៅជាមួយប្តីនាងវិញនោះគឺ ដោយសារប្តីនាងជាអ្នកញៀនថ្នាំហើយគ្មានការងារធ្វើអ្វីទេ និងបានប្រើអំពើហិង្សាមកលើរូបនាងយ៉ាងធ្ងន់ធ្ងរទៀតផង ដូច្នេះនាងមិនអាចបន្តរួមរស់នៅជាមួយគ្នាបានទៀតទេ៕ដោយៈសមិទ្ធ