បុរសជីកក្តាម និងរកឃ្មុំ រើសគ្រាប់មីនមកចងតាំងលើដើមឈើតាមរបង និងក្នុងផ្ទះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2020 ក+ ក-

បន្ទាយមានជ័យ ៖ វាពិតជាគ្រោះថ្នាក់ពេកហើយ សម្រាប់គ្រួសារមួយដែលព្យាយាមរើសគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្គ្រាមយកមកចងព្យួរតាមដើមឈើនឹងរៀបតាំងតាមរបងផ្ទះ។

ដោយមើលឃើញពីកត្តាគ្រោះថ្នាក់ទាំងនេះហើយទើបនៅរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ក្រុមជំនាញនៃអង្គភាពស៊ីម៉ាករួមជាមួយកម្លាំងនគរបាលរដ្ឋបាលបានចុះទៅធ្វើការអប់រំណែនាំនិងដកហូតគ្រាប់ទាំងនោះមករក្សាទុកដើម្បីកំទេចចោល។

លោក សេស វិបុល អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅបានអោយដឹងថា គ្រួសារដែលផ្សងនឹងគ្រោះថ្នាក់នេះមានឈ្មោះ កា សុខនិត ភេទប្រុស  អាយុ៤៨ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានមុខរកឃ្មុំ ដើម្បីដោះស្រាយជីវភាពក្រុមគ្រួសារ។

លោក សេស វិបុល បានបន្តអោយដឹងទៀតថា បុរសខាងលើមានសតិមិនគ្រប់ មានកូន៣នាក់ក្នុងបន្ទុក។នៅរាល់ដែលបុរសរូបនេះចេញទៅជីកក្តាមនិងរកឃ្មុំគឺគាត់តែងតែរើសយកគ្រាប់ដែលមិនទាន់ផ្ទុះយកមកដាក់នៅជុំវិញរបងផ្ទះអស់រយះពេលជាច្រើនខែមកហើយ.គាត់គ្មានគោលបំណងអាក្រក់ដល់អ្នកជិតខាងទេ.។

នៅចំពោះមុខសមត្ថកិច្ចបុរសសតិមិនគ្រប់ឈ្មោះ កា សុខនិត បាននិយាយថារូបគេរើសយកគ្រាប់ទាំងនេះយកមកដាក់ក្នុងផ្ទះនិងចងព្យួរតាមដើមឈើក្បែរផ្ទះគឺដើម្បីតាំងលំអរទុកមើលលេងប៉ុណ្ណោះ។
ក្រោយអប់រំណែនាំកម្លាំងជំនាញបានប្រមូលដកហូតនិងប្រគល់អោយអង្គភាពស៊ីម៉ាកនូវសំបកមីនប៉មសុីងហាយចំនួន១៦គ្រាប់ មីនស្គរ K៥៨ចំនួន៦គ្រាប់ មីន៦៩ ចំនួន៤គ្រាប់ ដងបេ៤០.ចំនួន១៕