បក្សប្រឆាំង​ផ្ដល់​ផែនទី​ដែល​ទិញ​ពី​ប្រទេស​បារាំង​ដល់​រាជបណ្ឌិត្យសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2015 ក+ ក-

ភ្នំពេញ ​៖ ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹកថ្ងៃ​ចន្ទ ​នេះ បានប្រគល់​ផែនទី​ចំនួន​២៦​ផ្ទាំង ទៅ​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំ​ដោយ​លោក សុខ ទូច​។ មន្ដ្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ការផ្ដល់​ផែនទី​ដល់​រាជបណ្ឌិត្យ សភា​នាពេលនេះ គឺជា​ប្រយោជន៍​ចំពោះ​ការស្រាវជ្រាវ មុននឹង​ឈានទៅ​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រើ និង​ផែនទី​ដែល​ខ្ចី​ពី​អង្គការសហប្រជាជាតិ​។​

​ផែនទី​ទាំង​២៦​ផ្ទាំង​ដែល​ផ្ដល់​ទៅ​ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា​នៅ ថ្ងៃនេះ គឺជា​ផែនទី​ដែល​បក្សប្រឆាំង​ទិញ​ពី​ប្រទេស​បារាំង ដែល​រួមមាន ផែនទី​អេឡិចត្រូនិក និង​ផែនទី​ក្រដាស​។​ផែនទី​នេះ ត្រូវបាន​ផ្ដល់​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា នៅក្នុង​ពិធី​ផ្លូវការ​មួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០​សីហា​នេះ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ ផ្ដល់​ផែនទី​ដល់​រាជបណ្ឌិត្យសភា​នាពេលនេះ គឺជា​ប្រយោជន៍​ចំពោះ​ការស្រាវជ្រាវ​អំពី​បញ្ហា​ព្រំដែន និង​ភាពចម្រូងចម្រាស់​នៃ​ផែនទី​កម្ពុជា មុននឹង​ឈានទៅ​ធ្វើការ​ផ្ទៀងផ្ទាត់​ជា​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​។​

​គួរ​ជម្រាបជូន​ថា ផែនទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដល់​ឲ្យ​រាជបណ្ឌិត្យសភា​នាពេល នេះ គឺជា​ផែនទី​បង្ហាញ​ពី​ព្រំដែន​កម្ពុជា​វៀតណាម ខ្នាត​១​លើ​១០០​ពាន់ ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ពី​ប្រទេស​បារាំង ក្នុងតម្លៃ​១៦៨​ដុល្លារ​អាមេរិក​។​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នៃ​ផែន​ទីនោះ គឺមាន​ចំណងជើង​ជា​អក្សរ​វៀត ណា​ម ធំៗ ដែល​គេ​គិតថា ផែន​ទីនេះ​បោះពុម្ព​ដោយ​វៀតណាម ចុះ​ហេតុដូចម្តេច​បានជា​ពេល នេះ​បក្សប្រឆាំង​នាំយក​ផែនទី​ដែល​ខ្លួន​ធ្លាប់​ជំទាស់​និង​រិះគន់​រដ្ឋាភិបាល​ថា​ប្រើប្រាស់​ផែន ទី​ដែល​បោះពុម្ព​ដោយ​វៀតណាម​ក្នុងការ​បោះបង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​មកប្រគល់ឲ្យរាជបណ្ឌិត្យសភាបែបនេះ​ទៅវិញ​។​

​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រា​ជប​ណ្ឌិ​សភា​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​ផែនទី​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​លោក​ថា ផែនទី​បែប​ឌីជីថល នឹងមាន​ផលវិបាក​ច្រើន ក្រុម​អ្នកស្រាវជ្រាវ​របស់លោក​នឹងធ្វើ​ការត្រួតពិនិត្យ​ឲ្យ​ច្បាស់លាស់​សិន​។​

​លោក សុខ ទូច បាន​បន្ថែមថា មកដល់ពេលនេះ ក្រុម​អ្នកស្រាវជ្រាវ​របស់​រាជ​បណ្ឌិតសភា ដែលមាន​បង្កើតឡើង កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ទទួលបាន​ផែនទី​ប្រទេស​កម្ពុជា​ពី​អាមេរិក បារាំង ផែនទី​ពី​លោក វ៉ា គីម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា បានមកពី​លោក ស៊ាន ប៉េង​សែ លោក សារិន ឆាក ប​ណ្ណា​សារជាតិ និង​គណបក្ស​សង្គ្រោះ​ជាតិ​៕​ ដោយ​៖​ខេមរៈ​

hjkhjk

​ពិធី​ប្រគល់​ផែនទី ដែល​ត្រូវ​បានប្រគល់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា​
bhghbg