ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ពេលឆ្លងថ្នល់ដែលមានលំហូរចរាចរណ៍មមាញឹក ជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់បែបនេះ ខណៈដែលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ។ លោកថា គម្រោងនេះនឹងធ្វើឡើ ដើម្បីឆ្លើយតបនឹងកំណើនរបស់ប្រជាពលរដ្ឋចេះតែកើនឡើងជាលំដាប់ ដោយមកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅ អាស្រ័យនឹងការរកស៉ី និងធ្វើការផ្សេងទៀតមានសរុបប្រមាណជាង ៣លាននាក់។
លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា «សម្រាប់ភ្នំពេញរបស់យើងមកដល់ពេលនេះទាំងអ្នកស្នាក់អាស្រ័យទាំងអ្នកស្នាក់នៅអចិន្រ្តៃយ៍ មានចំនួនប្រមាណជាង ៣លាននាក់ ដែលតម្រូវឲ្យរដ្ឋបាលរាជធានី ភ្នំពេញយើង ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងការកសាងផ្លូវលូជាមួយនឹងការកសាងស្ពានអាកាសក្រោមដីលើដី និងស្ពានអាកាសថ្មើជើងជាដើមដើម្បីរំដោះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែង សម្រាប់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀតនោះ គឺស្ពានអាកាសថ្មើរជើងផ្សារដើមគរ និងស្ពានអាកាសថ្មើរជើង នៅស្តុបសន្ធរម៉ុក»។
លោកបញ្ជាក់ទៀតថា ដើម្បីតម្រូវការទៅតាមការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់រាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ភ្នំពេញពិតជាមានការអភិវឌ្ឍយ៉ាងលឿន ជាក់ស្ដែងបើតាមការសិក្សាអង្គការចៃកាបានបង្ហាញថា ស្ពានលីយ៉ុងផាត់ ឬស្ពានព្រែកព្នៅ នឹងចាប់ផ្តើមស្ថាបនាឡើងនៅឆ្នាំ២០២០ ប៉ុន្តែវាមិនដូច្នោះទេ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ស្ពាន លីយ៉ុងផាត់ ហៅស្ពានព្រែកព្នៅ ស្ថាបនាបានរួចរាល់តាំងពីឆ្នាំ២០១០មកម៉្លេះ មានន័យថា កម្ពុជាយើងបានអភិវឌ្ឍលឿនមុន១០ឆ្នាំ។
ស្ពានអាកាសថ្មើរជើង ចំណុចឈាងខាងលិចផ្សារដើមរគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក មានបណ្ដោយ ប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ ត្រូវបាន សម្រុកធ្វើទាំងយប់សម្រេចបាន ៩៥%គិតមកដល់បច្ចុប្បន្ន ដែលបានរៀបចំពិធីក្រុងពាលី ទៅតាមទំនៀម ទំលាប់បែបសាសនា បញ្ចុះបឋមសិលាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។
គួរបញ្ជាក់ទៀតថា មកដល់ពេលនេះ រាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើង ចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន ៖ នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង និងកំពុងស្ថាបនា ស្ពានអាកាសថ្មើរជើង នៅតំបន់ផ្សារដើមគរ និងគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ដើម្បីឆ្លើយតប ទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវដោយ សុវត្ថិភាព៕