សេអ៊ូល ៖ អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានធ្វើការព្រមានថា កងទ័ពកូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពភា្លមៗ បើសិនជាកូរ៉េខាងត្បូងនៅតែបណ្ដែតបណ្ដោយឱ្យជនជាតិកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តធ្វើយុទ្ធនាការបង្ហោះខិត្តប័ណ្ណឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង ធ្វើការព្រមានបែបនេះតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង បានអះអាងថា អ្នកនាងបានបញ្ជាឱ្យយោធាកូរ៉េខាងជើង ត្រៀមខ្លួនចាត់វិធានការបន្ទាន់ប្រឆាំងនឹងក្រុមអ្នករិះគន់បងប្រុសរបស់លោកស្រី។
នៅក្នុងសារព្រមានលើកចុងក្រោយបំផុត នៅថ្ងៃអង្គារនេះ អគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពកូរ៉េខាងជើង កំពុងសិក្សាពីផែនការសកម្មភាព សម្រុកចូលក្នុងតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ ហើយប្រែក្លាយវាឱ្យទៅជាបន្ទាយមួយដ៏រឹងមាំ។ កងទ័ពរបស់យើងនឹងធ្វើសកម្មភាពភ្លាមៗ បើសិនជាមានបញ្ជា ឬការសម្រេចចិត្តណាមួយគណបក្សពលករ និងរដ្ឋាភិបាល»។
ជុំវិញការព្រមាននេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានអំពាវនាវឱ្យកូរ៉េខាងជើងងាកមករកដំណោះស្រាយរួមគ្នាមួយតាមរយៈការសន្ទនាគ្នាជាជាងការប្រើប្រាស់ធម៌ក្តៅ។ លោក មូន ចេអ៊ីន បានសង្កត់ធ្ងន់ថា ដល់ពេលហើយដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង ងាកមកស្វែងរកដំណោះស្រាយរួមគ្នាមួយ វាដល់ពេលហើយ ព្រោះយើងមិនអាចអង្គុយរង់ចាំឲ្យស្ថានការណ៍ឲ្យល្អប្រសើរឡើងខ្លួនឯងនោះឡើយ ដោយលោករំពឹងថា កូរ៉េខាងជើងនឹងបើកទ្វារសន្ទនាឲ្យបានកាន់តែធំ សម្រាប់ភាគីទាំងពីរផងដែរ។
សូមជម្រាបថា ភាពតានតឹងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីកូរ៉េខាងជើង ព្រមានកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងត្បូង ជាការសងសឹកនឹងទីក្រុងសេអ៊ូល សម្រាប់ការបណ្ដែតបណ្ដោយឱ្យប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បន្តធ្វើយុទ្ធនាការបង្ហោះខិត្តប័ណ្ណឃោសនារិះគន់របបដឹកនាំលោក គីម ជុងអ៊ុន។ ទន្ទឹមនោះកូរ៉េខាងត្បូងក៏បានប្ដឹងក្រុមសកម្មជនដែលនាំគ្នាបង្ហោះខិត្តប័ណ្ណទាំងនោះដែរ ដោយចោទថាពួកគេដុតញ្ឆេះភាពតានតឹងរវាងកូរ៉េទាំងពីរ៕