ភ្នំពេញ ៖ សិក្ខាកាមយោធា ដែលបានបញ្ចប់ការសិក្សាពីប្រទេសវៀតណាម ចំនួន៣០នាក់បន្ថែម ត្រូវបានយកដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ មិថុនាមក។ ក្រោយរយៈពេល១៤ថ្ងៃ ពួកគាត់ត្រូវបានអនុញ្ញាតឲ្យវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញ ដោយសារមិនមានវិជ្ជមានកូវីដ១៩នោះទេ។
លោកឧត្តមសេនីយ៏ទោ អៀង លីស័ក នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ បានបញ្ជាក់ថា វគ្គទី៤ ដែលមានសិក្ខាកាមចំនួន៣០នាក់ មិនមានផ្ទុកកូវីដ១៩នោះទេ។ ឯ.ឧ នាយកមជ្ឈមណ្ឌល នៅតែ បន្តអំពាវនាវសិក្ខាកាមដែលត្រូវវិលត្រលប់ទៅជួបជុំក្រុមគ្រួសារវិញ ត្រូវរក្សា អនាម័យខ្ពស់បំផុត ពិសេសអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩ មិនអោយមានការរីករាលដាលជាលើកទី២នៅកម្ពុជា។ ឯ.ឧ បញ្ជាក់ថា ឆ្លើយតបទៅនឹងសភាពការណ៏កូវីដ១៩ កងយោធពលខេមរភូមិន្ទ បានចូលរួមចំនែកដ៏សំខាន់ក្នុងការឆ្លើយតប គ្រាដែលពេទ្យយោធា ជំនាញរបស់ចិន ក៏បានមកធ្វើការបណ្តុះបណ្តាលដោយផ្ទាល់ដល់គ្រូពេទ្យយោធាកម្ពុជា ក្នុងការទប់ស្កាត់កូវីដ១៩។ លោកឧត្តមសេនីយ៏ទោ អៀង លីស័ក បានបន្ថែមថា មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៅតែបន្តទទួលនិស្សិតមកពីក្រៅប្រទេស ដើម្បីធ្វើចត្តាឡីស័ក នៅពេលនិស្សិតបានបញ្ចប់ការសិក្សា និងត្រូវវិលត្រលប់មកកម្ពុជាវិញ នៅពេលខាងមុខ រាប់ទាំងមកពីប្រទេសវៀតណាម និងប្រទេសរុស្ស៊ីជាដើម។
គួរបញ្ជាក់ថា នេះជាលើកទី៤ ហើយដែល មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ បានធ្វើការចត្តាឡីស័កនិស្សិតកម្ពុជាមកពីវៀតណាម ដែលសរុប មានចំនួន៧៩នាក់។ សិក្ខាកាមទាំង ៣០រូបនេះ ដែលបានមកដល់កម្ពុជាកាលពីថ្ងៃទី០៣ មិថុនាកន្លងទៅកំពុងត្រូវបានធ្វើ ចត្តាឡីស័ក១៤ថ្ងៃផងដែរ ដោយនឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ មិថុនា សម្រាប់វគ្គទី៤៕