ខេត្តកណ្តាល ៖ តាមព័ត៌មានដែលទទួលបានឲ្យដឹងថា មកដល់ពេលនេះអ្នកស្លាប់បានកើនដល់៣នាក់ ខណៈដែលអ្នករងរបួសធ្ងន់ស្រាលរហូតដល់៥១នាក់ឯណោះ នៅក្នុងករណីរថយន្តដឹកដីបើកបុករថយន្តដឹកកម្មករកម្មការិនី២គ្រឿងកាលពីម្សិលមិញនៅលើដងផ្លូវជាតិលេខ៩ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ៤៨-៤៩ ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
គួរម្លឹកឡើងវិញថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី១គ្រឿង បានបើកបុករះជាមួយរថយន្តដឹកកម្មកររោងចក្រសួនឧស្សាហកម្មសំរោងធំ២គ្រឿងក្នុងទិសដៅបញ្ជ្រាស់គ្នា បណ្តាលអោយមនុស្សប្រុសស្រី៣នាក់ស្លាប់ និង៥១នាក់ទៀត បានរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៨ និង២០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ៤៨-៤៩ ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត កូរ៉េដឹកដី១គ្រឿង ទម្ងន់២តោនកន្លះ កន្ទុយពណ៌ស ក្បាលពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ម៉ម សារ៉ាក់ ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅភូមិសំរោងក្អែ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ទិសដៅពីត្បូងទៅជើង (អ្នកលឿង-ភ្នំពេញ) ក្នុងល្បឿន យ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាមានឧបសគ្គអ្វីក៍ បានជ្រុលចង្កូតទៅបុករថយន្តកូរ៉េដឹកកម្មកររោងចក្រ១គ្រឿង ម៉ាក ហាន់ដាយ ព៏ណ ស ពាក់ស្លាកលេខ”ភ្នំពេញ”៣D.៥៨៤១ ដែលកំពុងបើកបរបញ្ជ្រាស់ទិសដៅគ្នា(ភ្នំពេញ-អ្នកលឿង)បណ្តាលអោយក្រឡាប់ផ្ងារជើងនៅចិញ្ចើមថ្នល់។
ប៉ុន្តែភ្លាមៗនោះរថយន្តបង្កមិនទាន់អស់ល្បឿនក៍បានជ្រុលទៅបុករថយន្តដឹកកម្មកររោងចក្រ១គ្រឿងទៀត ម៉ាកតូរីស ពណ៌លឿង ពាក់ស្លាកលេខ”ភ្នំពេញ”២I.៦៤៣៩ ដែលកំពុងបើកបរបញ្ច្រាសទិសដៅគ្នាផ្ទុបចំពីមុខ គ្នាពេញទំហឹងបង្កឲ្យឈ្មោះ ម៉ម សារ៉ាក់ តៃកុងរថយន្តដឹកដីគៀបជាប់ដាក់ខ្យល់ស្លាប់ នៅក្នុងការបៀនរថយន្តភ្លាមៗ នឹងបណ្តាលឲ្យកម្មកររោងចក្រប្រុសស្រីរួម ទាំងតៃកុងរថយន្តទាំង២គ្រឿងចំនួន៥៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចហៅរថយន្តសាម៉ុយមណ្ឌលសុខភាព និងឡានមន្ទីរពេទ្យបង្អែកស្រុក មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ប៉ុន្តែជាអកុសលពេលទៅដល់មន្ទីរពេទ្យរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះមានកម្មការនី២នាក់បានស្លាប់នៅមន្ទីរពេទ្យ នៅអ្នករងរបួសធ្ងន់ស្រាលចំនួន៥១នាក់ទៀតដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗគ្នា មិនដឹងវាសនារបស់ពួកទៅជាយ៉ាងណានោះទេ។ហើយចំពោះកម្មកររោងចក្រទាំងអ្នកស្លាប់និងអ្នករងរបួសធ្ងន់ស្រាលនោះ នៅមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាកម្មកររោងចក្រអគារ៧ អគារ៦ និងអគារ៣ នៃសួនឧស្សហកម្មសំរោងធំ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ ក៍បានបង្កឲ្យកកស្ទះចរាចរណ៍យ៉ាងណែន តាន់តាប់រាប់គីឡូដីនៅលើផ្លូវជាតិលេខ១ដោយសាររថយន្ត២គ្រឿងបុករួញគៀបជាប់គ្នាស្ទើតែពេញផ្លូវតែម្តង។ក្នុងហេតុការណ៍នេះដែរគេឃើញកម្លាំងសមត្ថកិច្ច ប៉ូលិស ប៉េអឹម ប្រជាការពារភូមិ អាជ្ញាធរភូមិ ឃុំ នឹងក្រុមគ្រូពេទ្យ ដែលដឹកនាំដោយ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយរួមដំណើរជាមួយលោក ពៅ គឹមលី អភិបាលរងស្រុក និងមានការសហការជាមួយកម្លាំងអាវុធហត្ថស្រុកលើកដែក បានចុះមកជួយអន្តរាគមន៍ហៅ រថយន្តមកស្ទូចដើម្បីជួយសម្រួលចរាចរណ៍អោយបងប្អូនងាយស្រួលក្នុងការធ្វើដំណើរជាធម្មតាវិញ។ បន្ទាប់មកមន្ត្រីនគរបាលជំនាញស្រុកក៏បានធ្វើការវាស់វែងចាត់ការតាមនីតិវិធី៕