ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ១៩ ចំនួន១រូបទៀត បានជាសះស្បើយ ខណៈដែល១១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមសេចក្តីប្រកាសរប់សក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីជាសះស្បើយគឺបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាម ដែលជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជា។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល រហូតដល់ពេលនេះ គិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកជំងឺកូវីដសរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់) ដែលក្នុងនោះមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន១៣០នាក់ (ស្រី ៣៩នាក់ និងបុរស៩១នាក់) ខណៈអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ (ស្រ្តី ០១នាក់ និងបុរស១០នាក់)។
អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនោះ មានបុរសជនជាតិខ្មែរ០៧នាក់ ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរជនជាតិឥណ្ឌូណេស៊ី០១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ីកំពុងសម្រាកព្យាបាលនៅម័ពេទ្យមិត្តភាពខ្មែរសូវៀត។ បុរសជនជាតិខ្មែរ០២នាក់ ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ៕