ភ្នំពេញ ៖ ដើម្បីលើកសោភ័ណភាព និងបរិស្ថាននៅក្នុងរាជធានីភ្នំពេញអាជ្ញាធររាជធានីភ្នំពេញបានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី និងសំរាម ចំនួន២គ្រឿង ដើម្បីបោសនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ ម៉ាស៊ីនទាំងពីរគ្រឿងនេះ ជាអំណោយរបស់ទីក្រុង ណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។
ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើទាំងពីគ្រឿងនេះស្របតាមការណែនាំរបស់អភិបាលរាចធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក្នុងកិច្ចប្រជុំកន្លងមកជាមួយអាជ្ញាធរពាក់ព័ន្ធ និងការយកចិត្តទុកដាក់ជាចម្បង ដើម្បីថែរក្សាអនាម័យ និងសុខមាលភាពជូនប្រជាពលរដ្ឋក្នុងទីក្រុង និងដើម្បីសោភ័ណភាពទីក្រុងភ្នំពេញផងដែរ ដោយលោកបានចាត់ចែងដល់អង្គភាពជំនាញធ្វើកិច្ចការងារនេះដោយផ្ទាល់។
ពាក់ព័ន្ធការងារនេះ លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភំ្នពេញ បានឲ្យដឹងថា ម៉ាស៊ីនបូមធូលី ស្លឹកឈើ និងសំរាមនេះជាអំណោយរបស់ទីក្រុង ណាននីង ប្រទេសចិន ដែលបានបញ្ជូនមកឲ្យរាជធានីភ្នំពេញ ស្របពេលដែលទីក្រុងណាននីង ផ្តល់បរិក្ខារពេទ្យមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីប៉ុន្មានខែកន្លងមកនេះ។
លោកក៏បានបញ្ជាក់ទៀតថា ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺសមត្ថភាពប្រើប្រាស់សម្រាប់បោសសម្អាតនៅក្នុងបរិវេណដែលផ្ទៃដីទំហំ ១៦០០០ ម៉ែត្រការ៉េក្នុង១ម៉ោង និងអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង។
ម៉ាស៊ីនបូមទាំងពីរនេះកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកមកធ្វើសកម្មភាពបូមសម្អាតនៅតាមផ្លូវដើរលើសួនច្បារមាត់ទន្លេ ចាប់ពីមុខផ្សារចាស់ រហូតដល់មុខ វត្តឧណ្ណាឡោម ហើយជាក់ស្តែងម៉ាស៊ីននេះ ពិតជាមានគុណភាពដែលអាចបូមសម្អាតធូលី ស្លឹកឈើ និងសំរាម បានស្អាត និងមិនធ្វើឱ្យធូលីហុយនោះទេ ព្រោះមានទឹកសម្រាប់បាញ់ ស្រោចនៅពេលកំពុងប្រតិបត្តិការបូមធូលី។
លោក នួន សំណាវុធ ក៏បានបញ្ជាក់ផងដែរថា៖ ម៉ាស៊ីនបូមមទាំងពីរនេះ ជាម៉ាស៊ីនប្រើប្រាស់អាគុយ ដែលមិនបង្កផលប៉ះពាល់បរិស្ថានហើយបើខណ្ឌមួយចំនួន ត្រូវការអាចយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនបាន៕