រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ចំណតរថយន្តចំនួន៣ទីតាំងទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងកសាងចំណតរថយន្តចំនួន៣ទីតាំង ដែលគម្រោងនេះនឹងចំណោយទឹកប្រាក់វិនិយោគប្រមាណ១៦០លានដុល្លារ ហើយក្រុមហ៊ុនបានពិនិត្យទីតាំងរួចរាល់ចំនួន២កន្លែង គឺនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែង និងកំពុងរកទីតាំងមួយកន្លែងទៀតដែលស្ថិតនៅជាយក្រុង។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ខណៈលោកទទួលជួបម្ចាស់ក្រុមហ៊ុនចិន Good Car investment របស់ប្រទេសចិន កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ចំណតក្រោមដី ស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណត រថយន្តជាចំណុចអាទិភាពក្នុងទីក្រុងសព្វថ្ងៃ ដែលកំពុងខ្វះចំណត។

លោកស្រី ចាន់ សុទ្ធា ម្ចាស់គម្រោងបានជម្រាបជូនពីគោលបំណង វិនិយោគ លើចំណតរថយន្ត និងនាំចូលរថយន្ត ដឹកជញ្ជូនទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរ មករាជធានីភ្នំពេញ។ តំណាងក្រុមហ៊ុនបានបង្ហាញពីគោលដៅត្រូវ កសាងចំណតរថយន្ត ចំនួន៣ទីតាំងក្នុងរាជធានីភ្នំពេញ លើទឹកប្រាក់វិនិយោគ១៦០លាន ដុល្លារអាម៉េរិក ដែល ក្រុមហ៊ុនបាន ពិនិត្យទីតាំងរួចចំនួន២កន្លែង គឺនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែងនិងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែង និងកំពុងរកទីតាំងមួយកន្លែង ទៀតដែលស្ថិតនៅជាយក្រុង។

លោកអភិបាលបានផ្តល់អនុសាសន៍ឱ្យ ក្រុមហ៊ុនសិក្សាឱ្យច្បាស់លាស់មុនសម្រេច ចិត្តវិនិយោគ គឺធ្វើឱ្យបានជោគជ័យ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយ បានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមតែមក បង្ហាញគម្រោងធំ និងទំនើបរបស់ខ្លួនប៉ុណ្ណោះ៕