រដ្ឋមន្ត្រី​បរិស្ថាន​ព្រមាន​ចាត់ការ​វិធានការតាម​ច្បាប់​ចំពោះ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2020 ក+ ក-

ខេត្ត​រតនគិរី ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែង​នូវ​ការព្រមាន​ថ្មី​ទៀតថា នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ពី​ក្រុមមនុស្ស​មួយចំនួន​ដោយ​លោក​សង្កត់ធ្ងន់ថា ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​គឺជា​ទង្វើ​ខុសច្បាប់ និង​ជាការ​លួច​ទ្រព្យសម្បត្តិ​របស់​យើងទាំងអស់គ្នា។

​លោករដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០២០​នេះ នៅ​សាលាខេត្ត​រតនគិរី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ដោយមាន​ការចូលរួម​ពី​សមាជិក​នៃ​គណៈកម្មាធិការ​ទី​៣ នៃ​ព្រឹទ្ធសភា និង​រដ្ឋសភា សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​រតនគិរី និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមមាន​អភិបាលក្រុង​ស្រុក​និង​មេឃុំ ចៅសង្កាត់​ក្រោម​ចំណុះ​រដ្ឋបាល​ខេត្តរតនគិរី​ជាច្រើនរូប​ទៀត ។​

​ជាមួយគ្នានោះ លោកក៏បាន​ក្រើនរម្លឹក​ផងដែរ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែលមាន​តួនាទី​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ មិនត្រូវ​បើកដៃ​ឱ្យមាន​ការកាប់​រាន ដុត​ឆ្ការ ទន្ទ្រាន​កាន់កាប់​ដៃ​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ស្នើសុំ​កាត់​ឆ្វៀល​ដី​រំលោភ​ទន្ទ្រាន​ទាំងនោះ​ឱ្យ​ក្រុម​ជនខិលខូច​ឡើយ នេះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​ចាំបាច់​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ៕