ទិវាមច្ឆជាតិ១កក្កដា សម្តេច ហ៊ុន សែន អំពាវនាវឱ្យមានការចូលរួមថែរក្សាពូជត្រី និងអភិរក្សជីវចម្រុះផ្សេងៗទៀត
ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្រ្តីមានសមត្ថកិច្ច សូមចូលរួមថែរក្សាពូជត្រី និងចូលរួមអភិរក្សជីវចម្រុះផ្សេងៗទៀត ឱ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឱ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទានរបស់ពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ទិវាមច្ឆជាតិ ថ្ងៃទី១ កក្កដា គឺជាទិវាដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋ ឱ្យចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសនៅតាមតំបន់សមស្របនៃវាលទំនាប និងនៅតាមវាលស្រែទូទាំងប្រទេស៕