ភ្នំពេញ ៖ លោក ជ័យ ភូមិពល ហៅស្នាយពល មន្ត្រីនៃទីភ្នាក់ងារសារព័ត៌ មានកម្ពុជា (AKP) របស់ក្រសួងព័ត៌មាន កំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីលោកបានដួលដាច់សរសៃឈាម ពេលដែលលោកកំពុងសរសេររឿង កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ក្នុងការិយាល័យរបស់លោកនៅក្រសួងព័ត៌មាន។
លោក ជ័យ ភូមិពល អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួលនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានកូនស្រី២នាក់ នៅក្នុងបន្ទុក ។ក្រៅពីអ្នកសារព័ត៌មាន នៅអង្គភាពកម្ពុជាថ្មី លោកក៏ជាប្រធាននាយកដ្ឋាន នៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) របស់ក្រសួងព័ត៌មានផងដែរ។
លោក ជ័យ ភូមិពល ដែលបានធ្វើជាអ្នកសារព័ត៌មាន ស្ទើរពាក់កណ្តាលជិវីតទៅហើយនោះ ត្រូវបានក្រុមគ្រួសាររបស់លោក អះអាងថា កំពុងជួយសង្គ្រោះបន្ទាន់ ហើយមិនទាន់ដឹងខ្លួននៅឡើយទេ នៅពេលនេះ ក្រុមគ្រូពេទ្យកំពុងធ្វើការវះកាត់។
កូនស្រីរបស់លោកស្នាយពល ដែលកំពុងជួយមើលថែឪពុកនៅមន្ទីរពេទ្យជាមួយក្រុមគ្រួសាររបស់នាង មានបំណងយកឪពុក ទៅសង្គ្រោះនៅប្រទេសវៀតណាមដែរ ប៉ុន្តែគ្មានលទ្ធភាពគ្រប់គ្រាន់ ដូច្នេះសូមអំពាវនាវដល់សប្បុរសជននានា មេត្តាជួយបរិច្ចាគផង៕