អ្នកសេដ្ឋកិច្ច​៖ តម្លៃ​ធ្វើដំណើរ​នឹង​ឡើង ថ្លៃ​ពេល​ក្រុមហ៊ុន​ផ្គត់ផ្គង់​មិនទាន់​តម្រូវការ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2014 ក+ ក-

​ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ក្រុម ហ៊ុន​ឡាន​ដឹក​អ្នកដំណើរ ឲ្យ​បញ្ចុះ​ថ្លៃ​ក៏ដោយ តែ​ការលើកឡើង​នេះ នៅតែ​គ្មាន​ប្រសិទ្ធភាព​។ អ្នកវិភាគ​សេដ្ឋកិច្ច​បានលើកឡើង​ថា កាលណា​ប្រជាពលរដ្ឋ​សម្រុក​ចេញទៅ​ស្រុក​ច្រើន​កុះករ​បែបនេះ ជា​លទ្ធផល​នឹងធ្វើ​ឲ្យ​ថ្លៃ​ធ្វើដំណើរ​ត្រូវតែ​ឡើងថ្លៃ ដោយ​តែ​ក្រុមហ៊ុន​ផ្គត់ផ្គង់​មិនទាន់​តាម​តម្រូវការ​។​

ការឡើង​ថ្លៃ​ខ្ពស់​លើ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ ហាក់​កើត​ឡើងជា​ទម្លាប់ នាឱកាស​បុណ្យប្រពៃណី​ជាតិ​ម្ដងៗ​។ ទោះបីជា​មានការ​ត្អូញត្អែរ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ការអំពាវនាវ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​យ៉ាងណាក៏ដោយ តែ​តម្លៃ​សំបុត្រ​ធ្វើដំណើរ​នៅតែ​ឡើងថ្លៃ​ខ្ពស់​ដដែល​។​
​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ តម្លៃ​សំបុត្រ​ធ្វើដំណើរ​ទៅ​បណ្ដា​ខេត្ត​សំខាន់ៗ​មួយចំនួន បាន​កើនឡើង​យ៉ាងហោចណាស់​ចំនួន​ពីរដង ដែល​ធ្វើអោយ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​គ្មាន​ប្រសិទ្ធភាព​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៨ កញ្ញា ថា សូមកុំ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្តឈ្នួល​យក​ថ្លៃ​ហួសហេតុ នៅពេលដែល​ប្រជាពលរដ្ឋ ពិសេស​កម្មករ​ជាច្រើន​នាក់ នឹងធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​។​

​បញ្ហា​នេះ អ្នកវិភាគ​សេដ្ឋកិច្ច លោក ស្រី ច​ន្ធី មានប្រសាសន៍ថា តាមរយៈ​គោលការណ៍​ទីផ្សារ នៅពេលដែល​តម្រូវការ​កើនឡើង​ខ្ពស់​នៅក្នុង​រយៈពេល​ខ្លី​មួយ ដែល​ការផ្គត់ផ្គង់​មិនអាច​ឆ្លើយតបបាន តម្លៃ​ត្រូវតែ​ថ្លៃ​។ លោក​សង្កេតឃើញថា ក្រុមហ៊ុន​សេវា​ដឹកជញ្ជូន​អ្នកដំណើរ បានចាប់ផ្ដើម​វិនិយោគ​យ៉ាងច្រើន​នាពេល​បច្ចុប្បន្ន ហើយ​ក្រុមហ៊ុន​សេវា​ដឹកជញ្ជូន​ទាំងអស់ ដែល​តែងតែ​រួមគ្នា​ដំឡើងថ្លៃ​ខ្ពស់​នាឱកាស​បុណ្យប្រពៃណី​ជាតិ​ម្ដងៗ នោះ មិនមែន​កើតឡើង​ដោយសារ​ការផ្ដាច់​មុខ​នោះទេ​​។​

ការស្រាវជ្រាវ​ដោយ​ក្រុម​អ្នកសេដ្ឋកិច្ច​មួយចំនួន បាន​រកឃើញថា ចំនួន​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ធំៗ​ដែល​បាន​ចុះបញ្ជី​មាន ៦​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​នីមួយៗ​មាន​ឡាន​ដឹក​ភ្ញៀវ​ជា​មធ្យម​ប្រមាណ ៣០​គ្រឿង​។ តួលេខ​នេះ​បញ្ជាក់ថា ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ អាច​ដឹក​ភ្ញៀវ​បាន​ប្រមាណ ១​ម៉ឺន​នាក់​ក្នុង​មួយ​ជើង​។

ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ និង​ឆ្លងកាត់ មាន​ជាង ៣​លាន​នាក់ ដែល​ភាគច្រើន ពួកគាត់​ទាំងអស់​តែងតែ​ទៅលេង​ស្រុកកំណើត​នៅពេល​បុណ្យ​ប្រពៃណីជាតិ ម្ដងៗ​។ តែ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ទាំងអស់នោះ ក៏មាន​មួយចំនួន ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ខ្លួនឯង​ដែរ​។​

​បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភ្នំពេញ​មាន​ជីវភាព​ធូរធារ​ប្រមាណ ១​លាន​នាក់ អាច​ប្រើប្រាស់​ឡាន​របស់​ក្រុមគ្រួសារ​របស់គេ នៅពេល​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ម្ដងៗ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ប្រមាណ ២​លាន​នាក់​ផ្សេងទៀត នឹង​ជ្រើសរើស​ការធ្វើដំណើរ​តាម​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ដែល​ពួកគាត់​ប្រឈម​ការបង់ថ្លៃ​សេវាកម្ម​ខ្ពស់​។​

អ្នកវិភាគ​សេដ្ឋកិច្ច​បានលើកឡើង​ទៀតថា ការអន្តរាគមន៍​រប​ស់​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ការឡើង​ថ្លៃ​សំបុត្រ​សេវា​ដឹក​អ្នកដំណើរ នៅពេល​បុណ្យ​ប្រពៃណីជាតិ​ម្ដងៗ​នោះ អាច​ធ្វើឡើង​តាមរយៈ​យន្តការ​សំខាន់​បី គឺ​ទីមួយ រដ្ឋាភិបាល​ត្រូវមាន​លុយ​ចេញ​ខាត ឬ​ចូលរួម​វិភាគទាន​ដល់​អ្នកធ្វើដំណើរ​។ ទី​ពីរ ការលើកលែង​ពន្ធ​បង់​ផ្លូវ ឬ​ចំណត និង​ទី​បី ការបញ្ចុះ​តម្លៃ​ប្រេងសាំង​៕ ប្រភព:​rfa

Untitled-1Untitled-1