ក្រសួងសុខាភិបាល ៖ ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ចំនួន២នាក់ទៀតបានជាសះស្បើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺចំនួន៨នាក់ទៀត កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជាសះស្បើយទាំង០២នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ១៥ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ ជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកជំងឺទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៤១នាក់ (ស្ត្រី ៤០នាក់ និងបុរស ១០១នាក់)។ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្មើនឹង ៩៤.៣៣% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះ មានស្រី៣៩នាក់ និងបុរស៩៤នាក់។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន០៨នាក់ ក្នុងនេះបុរសជនជាតិខ្មែរ ០៧ នាក់ និងស្ត្រីជនជាតិខ្មែរ ០១នាក់ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូ ណេស៊ីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អ្នកមានវីរុសកូវីដ-១៩៕