លោក លី ធុជ ៖ ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់ពីគ្រោះថ្នាក់ដោយសារមីន
ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានអញ្ជេីញចុះសំណេះសំណាលផ្សព្វផ្សាយនិងតម្លេីងផ្ទាំងបាណូអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រី ប៊ុត រតនា នាយិការមូលនិធិ Sir Bobby Charlton ប្រតិបត្តិករបោសសម្អាតមីន អាជ្ញាធរដែនដីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
លោកស្រី ប៊ុត រតនា បានមានប្រសាសន៍ថាមូលនិធិ Sir Boby Chalton នឹងសហការជាមួយអាជ្ញាធរមីន ប្តេជ្ញាធានាដល់សុវត្ថិភាពពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តឧត្តរមានជ័យ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton ដែលបានជួយផលិតផ្ទាំងបាណូអប់រំគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដេីម្បីលេីកកម្ពស់ការយល់ដឹងនិងបង្ការគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋមូលដ្ឋាន។
លោកទេសរដ្ឋមន្ត្រី បានបន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីឈានទៅសម្រេចបាននូវកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ខាងមុខ។
សូមបញ្ជាក់ថា ឆមាសទី១ឆ្នាំ២០២០នេះ អត្រាជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ៣៨នាក់៕