ភ្នំពេញ៖សារគំរាមថ្មីមួយទៀតតាមបណ្តាញហ្វេសប៊ុកបន្ទាប់ពីលោក សុខ ទូច គឺលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាជាតិទទួលបន្ទុកកិច្ចការព្រំដែន ដោយព្រមានឲ្យលោកស្រីប្រយ័ត្នខ្លួន។នេះបើតាមការបញ្ជាក់ពីលោកស្រី កុយ ពិសី ប្រាប់បណ្តាញព័ត៌ មាននៅយប់ថ្ងៃទី៣០ខែសីហាម្សិលម៉ិញនេះ។
លោកស្រី កុយ ពិសី បានបញ្ជាក់ថា សារគំរាមតាមប្រព័ន្ធហ្វេសប៊ុក ដោយជនមិនស្គាល់មុខបានសរសេរថា “ប្រយ័ត្នខ្លួនបន្តិចណា ម៉េចមីច្រម៉ក់ឯងថា លោក អ៊ុំ សំអាន ដើរកុហក់រឿងព្រំដែន”។
សារគំរាមមកលើលោកស្រី កុយ ពិសី នេះបន្ទាប់ពីលោកស្រីបានបរិ យាយថាលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌល ខេត្តសៀមរាប របស់គណបក្សសង្គ្រោះជាតិ និយាយប្រមាថលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN ) រឿងរកផែនទីបោនរបស់កម្ពុជាមិនឃើញ។
គួររំលឹកថា ការថ្លែងរបស់លោកស្រី នៅក្រោយពេលលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ខែសីហាបានអះអាង ថា លោកនឹងធ្វើដំណើរទៅកាន់ UN ដោយផ្ទាល់ ដើម្បីជជីកសួរឲ្យបាន ច្បាស់លាស់អំពីមូលហេតុដែល UN រកមិនឃើញផែនទីបោនរបស់កម្ពុជា ឬបាត់ពេលណា និងមូលហេតុអី ?
សូមជម្រាបផងដែរថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានសរសេរលិខិត ឆ្លើយតបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ក្រុមការងាររបស់លោករកផែនទីបោន ខ្នាត១/១០០០០០ របស់កម្ពុជាមិនទាន់ឃើញនៅឡើយ ប៉ុន្តែ UN បានរកឃើញផែនទី UTM ចំនួន ១៨ផ្ទាំង ដែលបានប្រគល់មកកម្ពុជា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ កន្លងមក។
ក្រោយមកទៀតលោកស្រី កុយ ពិសី បានលើកឡើងថា អ្វីដែលលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កំពុងតែធ្វើនេះ គឺលោកស្រី កុយ ពិសី បានអះអាងថា ការលើកឡើងរបស់ លោក អ៊ុំ សំអាន ដូចជាមិនទុកចិត្តទៅលើអង្គការសហប្រជាជាតិ ដែលនេះជាការប្រមាថយ៉ាង ធ្ងន់ធ្ងរដល់កិត្តិយសលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជា ជាតិ និងដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ៕ដោយ៖ខេមរា
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍
នៃអាជ្ញាជាតិទទួលបន្ទុកកិច្ចការព្រំដែន