ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញ កាលពីម្សិលមិញបានផ្ញើលិខិតមួយទៅជូនលោក កឹម សុខា ខណៈដែលលិខិតនោះបានក្រើនរំលឹកឲ្យជនជាប់ចោទឈ្មោះ កឹម សុខា ត្រូវគោរពឲ្យបានហ្មត់ចត់ម៉ឺងម៉ាត់និងត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ចដែលតុលាការបានតម្រូវដាក់លើជន ជាប់ចោទ។
សូមជម្រាបថា ការក្រើនរំលឹករបស់តុលាការខាងលើនេះ ក្រោយពេលដែលជនជាប់ចោទ កឹម សុខា បានចុះទៅបណ្តាខេត្តមួយចំនួននៅកម្ពុជា ហើយបានថ្លែងអំណរគុណពលរដ្ឋដែលបាន មកទទួលស្វាគមន៍លោកជាហូរហែរផងដែរ។
គួរម្លឹកថា កាលពីម្សិលមិញតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោក កឹម សុខា បានសរសេរថា “ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះសង្ឃ និងបងប្អូនជនរួមជាតិ មកពីរាជធានី ខេត្តមួយចំនួនដែលកន្លងមកបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខខ្ញុំព្រះករុណា ខ្ញុំនៅគេហ ដ្ឋានផ្ទាល់ និងចំពោះព្រះសង្ឃបងប្អូន ដែលបានស្កាត់ មកជួបសួរសុខទុក្ខដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែង ចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើ ដំណើរទៅតាមបណ្តាខេត្តមួយចំនួននាពេលថ្មីៗនេះ ទោះបីមិនមានការជូនដំណឹង ឬផ្សព្វផ្សាយក៏ដោយ”។
លោក កឹម សុខា បង្ហាញអារម្មណ៍ថា នៅតែមាន ក្តីនឹករលឹក ចង់ជួប ចង់ស្តាប់ និងចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយពលរដ្ឋនៅទីកន្លែងនានាបន្តទៀត ឲ្យតែមានឱកាស។
ប៉ុន្តែតុលាការបានចាត់ទុកការចុះតាមបណ្តាខេត្តរបស់លោក កឹម សុខា គឺជាការបំពានទៅ នឹងការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញដែលបានដាក់ឲ្យជន ជាប់ចោទ កឹម សុខា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ដូច្នេះសកម្មភាពចុះ មូលដ្ឋានរបស់លោក កឹម សុខា អាចនឹងឈានទៅហួសព្រំដែនឬនាំទៅដល់ការបំពានលើ កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការដែលតម្រូវដាក់លើជនជាប់ចោទ៕