បាត់ដំបង៖ សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅកញ្ញា ឯក សុជាតា ហៅសាសា ជាលើកទី២ ឲ្យចូលបំភ្លឺក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាលក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី០២ ខែសីហា កន្លងទៅ។
ព័ត៌មានពីសាលាដំបូងខេត្តបាត់ដំបងបានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែសីហានេះថា ព្រះរាជអាជ្ញារងដីកាលើកទី២នេះបន្ទាប់ពីកញ្ញា សាសា មិនចូលខ្លួនតាមដីកាកោះហៅលើកទី១ កាលពីសប្តាហ៍មុន ដើម្បីបំភ្លឺក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយករណី។
ប្រភពបន្តថា ដីកាកោះហៅលើកទី២នេះ ប្រសិនបើសាម៉ីខ្លួនមិនចូលខ្លួនតាមការកំណត់ទៀតនោះ ដីកាលើកទី៣នឹងត្រូវបញ្ជាឱ្យសមត្ថកិច្ចនាំខ្លួនតាមនីតិវិធី មិនអាចរំលងបាន ឡើយ។
ប្រភពបានបញ្ជាក់ថា ដីកាកោះហៅជាលើកទី២ បានបញ្ជូនមកដល់អយ្យការសាលា ដំបូងក្រុងភ្នំពេញហើយ រង់ចាំតែមន្ត្រីតុលាការធ្វើទៅតាមនីតិវិធី ដើម្បីឲ្យបានដីកាទៅដល់ដៃសាមីខ្លួន និងរង់ចាំតែកន្ទុយចុងសន្លឹកដីកា ត្រឡប់ទៅវិញតែប៉ុណ្ណោះ។
គួររម្លឺកថា កញ្ញា សាសា អតីតពិធីការិនីទូរទស្សន៍ CTN និងមានរឿងប្តឹងផ្តល់ជាមួយលោក សុខ ប៊ុន ត្រូវបានគេសង្ស័យថា បានបើករថយន្តស៊េរីទំនើបរបស់នាងម៉ាក Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-7888 ទៅបុកអ្នកជិះម៉ូតូ សណ្ដោងរ៉ឺម៉កដឹកទឹកកក នៅវេលាម៉ោងជាង១១:០០នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីកញ្ញាសាសា ដែលរួមដំណើរជាមួយនារីម្នាក់ផង ចេញពីហាងផឹកស៊ីមួយកន្លែងយីហោតោ២។ ករណីនេះបានធ្វើឲ្យម្ចាស់ម៉ូតូឈ្មោះ ទុយ ម៉ោក ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសយ៉ាងធ្ងន់ធ្ងរ។
បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញមានយុវជនមួយក្រុមជិះរថយន្តទំនើបៗ បានទៅជម្លៀសកញ្ញាសាសា និងមិត្តស្រីរបស់នាងម្នាក់ទៀត ចេញពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវឡើយ តែមានយុវជនម្នាក់បានចេញមុខមកដោះស្រាយសំណងជាមួយជនរងគ្រោះជំនួសកញ្ញាសាសា ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធច្បាប់៕