ខេត្តកំពង់ចាម ៖ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាង លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយលោកនាយកសាខា លោកស្រីប្រធានអនុសាខាស្រុក និងក្រុម ការងារ កាកបាទក្រហមកម្ពុជាឃុំ នារសៀល ថ្ងៃ ទី ២១ ខែកក្កដា ឆ្នាំ ២០២០នេះ បាននាំយកសម្ភារ និងថវិកា ជូនជនរងគ្រោះ០២គ្រួសារ ក្នុង នោះមាន ៖ ១.ចូលរូម រំលែកទុក្ខគ្រួសារសពឈ្មោះ ដន គួយអេង ភេទស្រី អាយុ២២ ឆ្នាំ នៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ២.សួរសុខទុក្ខ ឈ្មោះ យាន សុខអ៊ាន់ ភេទស្រី អាយុ២២ឆ្នាំ ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ។
គួរ បញ្ជាក់ផងដែរថា ទាំង០២នាក់នេះ ជាកម្មការិនី ធ្វើការនៅ រោងចក្រផលិតស្បែកជើង ស្កាយណាយ ស្រុកជើងព្រៃ បានរងគ្រោះដោយត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីម៉ោង ៥ ល្ងាច ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ ពេលចេញពីធ្វើការ ហើយជិះម៉ូតូឌុបគ្នា វិលត្រឡប់មកផ្ទះទាំងកំពុងភ្លៀង ។
លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ពី លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់ម្តាយ ប្រពន្ធ បង ប្អូន ជាទីស្រឡាញ់ និងចំពោះអ្នករងរបូសដែលគ្រោះថ្នាក់ដោយឧប្បត្តិហេតុចៃដន្យនេះ ។
ជាមួយនេះ លោកជំទាវ ប៉ាង ដានី ក៏បានណែនាំទាំងអស់គ្នា ត្រូវខិតខំការពារខ្លួនជាប្រចាំ ជៀសអោយផុតពីការឆ្លងនៃជំងឺCovid19 ដោយអនុវត្តត្រឹមត្រូវតាមសារណែនាំរបស់ក្រសួងសុខាភិបាល ។
សម្ភារដែលចូលបុណ្យសព រួមមាន អង្ករ២៥គក្រ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ ទឹកផ្លែឈើ និងបច្ច័យចំនួន ៥០០,០០០រៀល ។ ដោយឡែក អ្នករកងរបួស កំពុងសម្រាកនៅមន្ទីរពេទ្យស្រុក ផ្តល់ជូន មី ត្រីខ និងថវិកាចំនួន ៣០០,០០០ រៀល ផង ដែរ ៕ ដោយ ៖ ប៉ែន សុផល