ភ្នំពេញ៖ផ្ទះថ្មក្រោម និងឈើខាងលើ ចំនួន ៤ខ្នង ដែលសង់ជាបន្ទប់ជួល សរុបចំនួន ២០បន្ទប់សម្រាប់ជួលឲ្យកម្មករកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅ ស្ថិតនៅក្រោយ ភោជនីយដ្ឋានម៉ូឌែន៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ត្រូវអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីម៉ោង ១៥:៣០នាទី រសៀលថ្ងៃទី៣១សីហានេះ។
មន្ត្រីមូលដ្ឋានបានរាយការណ៍ថា រថយន្ដពន្លត់អគ្គិភ័យរបស់ក្រុមអ្នកពន្លត់អគ្គិភ័យមិន អាចចូលដល់កន្លែងឆេះនោះទេ ដោយសារផ្លូវចូលកន្លែងភ្លើងឆេះនោះតូចចង្អៀត បណ្តាលឲ្យអគ្គិភ័យអាចឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញផ្ទះអស់ចំនួន ៤ខ្នង ក្នុងនោះមានបន្ទប់ជួលឲ្យកម្មករចំនួន ២០បន្ទប់។
ប្រភពបន្តថា ផ្ទះទី១ មានបន្ទប់ជួលចំនួន ១២បន្ទប់ ផ្ទះទី២ មាន ៣បន្ទប់ និងផ្ទះឆេះទី៣ មាន ៥បន្ទប់ ចំណែកផ្ទះមួយខ្នងទៀត មិនមានបន្ទប់ជួលទេ។ ម្ចាស់ផ្ទះឆេះទាំងនោះ មាន ៥គ្រួសារ។
មូលហេតុនៃការឆេះផ្ទះនោះត្រូវគេសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ចំណែកការខូចខាតទ្រព្យសម្បត្ដិដែលត្រូវបាត់បង់ដោយសារតែអគ្គិភ័យមួយនេះ មិនទាន់មានរាយការណ៍ជាក់លាក់ពីអាជ្ញាធរមូលដ្ឋាននៅឡើយទេ៕ដោយ :រដ្ឋា