រដ្ឋមន្ត្រីទេសចរណ៍ដាក់ចេញវិធានការ៤ចំណុចសម្រាប់ថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2020 ក+ ក-

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន កាលពី​រសៀល​ម្សិលមិញ​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន​៤​ចំណុច​សំខាន់ៗ នៅមុន​ថ្ងៃ​ឈប់សម្រាក​សង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១៧​ដល់​២១ ខែកក្កដា ឆ្នាំ​២០២០​ខាងមុខ ។

ចំពោះ​វិធានការ​ទាំង​៤​នោះ​រួមមាន ៖

​ទី​១៖ ណែនាំ​ដល់​នាយកដ្ឋាន​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ ធ្វើការ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត ជំរុញ​ការផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០១៥ ស​ណន ស្តីពី​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ស្របតាម​ការអនុវត្ត​ន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍​នាឱកាស​ថ្ងៃ​ឈប់សម្រាក ជំនួស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឱ្យដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​។​

​ទី​២៖ ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ទាំង​២៥ ត្រូវអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ សម្រាប់​ដំណាក់​​កាលវិបត្តិ​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព និង​ការទទួលខុសត្រូវ និង​ដើម្បី​ត្រៀម​ទទួល​ការធ្វើដំណើរ​កម្សាន្ត​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នាឱកាស​ថ្ងៃ​ឈប់សម្រាក ជំនួស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​មកដល់​នាពេល​ឆាប់ៗ​នេះ​។​

​ទី​៣៖ ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ទាំង​២៥ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​គោលដៅ​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់​ចំពោះ​ការអនុវត្តន៍​វិធាន​សុវត្ថិភាព និង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​សណ្តាប់ធ្នាប់​ដូចដែល​ធ្លាប់បាន​អនុវត្ត​កន្លងមក និង​បន្ត​ពង្រឹង​​គុណភាព​ភាព​សេវាកម្ម​ទេសចរណ៍​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ទី​៤៖ ពង្រឹង​ការអនុវត្តន៍​ប្រព័ន្ធ​ចុះឈ្មោះ​ភ្ញៀវទេសចរ​តាម TELEGRAM ដែលជា​ការ​​ចូលរួម​ក្នុង​យន្តការ​ថែរក្សា​សុវត្ថិភាព វិធានការ Quarantines ក៏ដូចជា​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​អត្តសញ្ញាណ​ភ្ញៀវទេសចរ​ក្នុងករណី​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ហើយ​រត់គេច​ពី​ការ Quarantine ដែល​អាច​នាំឱ្យ​មានការ​ចម្លង​នៅក្នុង​សហគមន៍​។​

​ទន្ទឹម​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​ដល់​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​បន្ត​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​បង្ការ​ការពារ​និង​រក្សាបាន​នូវ​សុវត្ថិភាព​ទំនុកចិត្ត និង​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​ផងដែរ ។​

​សូមជម្រាបថា ការដាក់ចេញ​នូវ​វិធានការ​ទាំង​៤​ចំណុច​ខាងលើនេះ​ធ្វើឡើង​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​បូកសរុប​ការងារ​អនុវត្ត​វិធាន សុវត្ថិភាព​ទេសចរណ៍ (​ជំហាន​ទី​១) សម្រាប់​ដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រយៈពេល​១​ខែ អម​ជាមួយនឹង​ការប្រកាស​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​ចុះឈ្មោះ​ភ្ញៀវទេសចរ​តាម TELEGRAM ដែល​បាន​រៀបចំឡើង​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ទាំង​២៥​រាជធានី​-​ខេត្ត រួមទាំង​មន្ត្រី​មន្ទីរ​ទេសចរណ៍ គ្រប់​បណ្តា​ខេត្ត និង​ផ្នែក​ឯកជន​ជាច្រើនរូប​ផងដែរ ៕