រតនគិរី : លោក ថង សាវុន អភិបាលខេត្តរតនគិរី បានរងបណ្តឹងពីក្រុមអ្នក យកព័ត៌មានក្នុងខេត្តរតនគិរីចំនួន ៣២អង្គភាព បានផ្តិតមេដៃប្តឹងទៅក្រុម ប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា និង ក្លឹបអ្នកកាសែតកម្ពុជា ពីបទគំរាម កំហែងអាយុជីវិត ក្រុមគ្រួសារអ្នកកាសែត និងបិទសិទ្ធិសេរីភាពអ្នកសារ ព័ត៌មាន។
អ្នកឆ្លើយឆ្លងព័ត៌មាន មេគង្គប៉ុស្តិ៍ បានរាយការណ៍ថា បណ្តឹងចោទប្រកាន់លោកអភិបាលខេត្តរតនគិរីរូបនេះ បានកើតឡើងបន្ទាប់ពីអ្នកយកព័ត៌ មានឲ្យស្ថានីយទូរទស្សន៍បាយ័ន ប្រចាំខេត្តរតនគិរី លោក សុខ គឹមសន កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ត្រូវបានអភិបាលខេត្តរតនគិរី លោក ថង សាវុន ផ្ញើសារតាមប្រព័ន្ធ Line ទៅរិះគន់រូបលោកពាក់ព័ន្ធវិជ្ជាជីវៈអ្នកសារព័ត៌មាន។
ប្រភពបន្តថា ក្នុងសារនោះដែរ លោក ថង សាវុន បានសរសេរពីសកម្ម ភាពរបស់អ្នកកាសែតដែលធ្វើហួសដែនសមត្ថកិច្ចរបស់ខ្លួនដូចជា ប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ដេញប្រមាញ់ម៉ូតូ និងរថយន្តដឹកឈើ ហើយមួយចំនួនទៀត អង្គុយនៅតាមហាងកាហ្វេដើម្បីប្រមាញ់អ្នកប្រព្រឹត្តល្មើសដែលអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនជាដើម។
សារលោក ថង សាវុន បន្តថា បើតាំងចិត្តជាអ្នកសារព័ត៌មាន ត្រូវធ្វើឲ្យគ្រប់ជ្រុងជ្រោយ ឈរលើការទទួលខុសត្រូវក្នុងការបញ្ចេញព័ត៌មាន ដែលការផ្សាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងវាសនាអ្នកដទៃ ដែលទាំងនោះធ្វើឲ្យសារព័ត៌មានឃ្លាតឆ្ងាយពីសង្គម ហើយអ្នកដែលទទួលរងផលប៉ះពាល់ គឺប្រពន្ធ និងកូនៗរបស់ខ្លួន។លោកមិនអនុញ្ញាតឲ្យក្រុមអ្នកសារព័ត៌មាន ធ្វើអំពើខុសច្បាប់សម្រាប់ក្រពះ យកស្លាកអ្នកកាសែតធ្វើអីចឹងតទៅទៀតទេ។
ប្រភពបន្តទៀតថា ក្រោយពីបានទទួលសាររបស់ លោក ថង សាវុន អភិបាលខេត្តរតនគិរី ដូចបានរៀបរាប់ខាងលើ នៅព្រឹកថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០១៥កន្លងទៅ ក្រុមអ្នកកាសែត និងទូរទស្សន៍មួយចំនួនក្នុងខេត្តនេះ បានប្រមូលផ្តុំគ្នាផ្តិតមេដៃប្តឹងលោកអភិបាលខេត្ត ទៅប្រធានក្រុមប្រឹក្សាអ្នកសារព័ត៌មានកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដើម្បីឲ្យជួយអន្តរាគមន៍ ឆ្លើយតបទៅនឹងទង្វើរបស់ថ្នាក់ដឹកនាំខេត្តរូបនេះដែលចាត់ទុកអ្នកកាសែតជាឆ្អឹងទទឹង ក ខុសប្លែកពីថ្នាក់ដឹកនាំផ្សេងទៀតដែលចាត់ទុកអ្នកកាសែតជាដៃគូយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានពី សកម្មភាពអវិជ្ជមានក្នុងអាណាចក្ររបស់ខ្លួនគ្រប់គ្រង ដែលមន្ត្រីខិលខូចក្រោមឳវាទមួយចំនួនលួចបិទបាំង៕ដោយ៖ឡុង សារ៉េត