ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ នឹងចូលដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ ដែលក្រុមខេត្តសៀមរាប ជួបជាមួយខេត្តកែប ដណ្ដើមចំណាត់ថ្នាក់លេខ៣ និងខេត្តត្បូងឃ្មុំ ប៉ះព្រៃវែងប្រជែងតំណែងជើងឯក។
ពាក់ព័ន្ធទៅនឹងការប្រកួតយកចំណាត់ថ្នាក់លេខ៣ លោក លី ធារ៉ា គ្រូបង្គោលជម្រើសខេត្តសៀមរាប លើកឡើងថា ទោះមិនបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រយកជើងឯក ក៏នៅតែបណ្ដុះគំនិតកូនក្រុមឲ្យប្រឹងប្រែងដើម្បីលទ្ធផលល្អក្នុងការប្រកួតយកលេខ៣ បន្ថែមពីលើបំណងអភិវឌ្ឍន៍ក្រុម។ លោកថា កូនក្រុមខ្លះមានស្ថានភាពមិនទាន់ពេញលេញ តែក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ។ លោកបន្ថែមថា សម្រាប់ការលេងឆ្នាំនេះ សៀមរាបមានស្ថានភាពល្អជាងមុន។
ចំណែកលោក ស សារ៉ា គ្រូបង្គោលក្រុមជម្រើសខេត្តកែបសារភាពថា មានអារម្មណ៍ស្ដាយខ្លះដែរដែលមិនអាចឈានទៅយកជើងឯក ព្រោះមានកាតក្រហមដល់ទៅពីរនាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទីពីរ។ លោកថា ក្រុមរបស់លោកត្រៀមបានល្អដើម្បីយកលេខ៣។ ជាចុងក្រោយ លោក ស សារ៉ា ក៏បានអរគុណថ្នាក់ដឹកនាំខេត្ត និងថ្នាក់នាំក្រុមដែលបានជួយឧបត្ថម្ភគាំទ្រកន្លងមក។
លោក ផន រស្មីពេជ្រ គ្រូបង្គោលក្រុមជម្រើសខេត្តត្បូងឃ្មុំដែលត្រូវប្រកួតយកតំណែងជើងឯកជាលើកទីពីរ អះអាងថា កូនក្រុមបានត្រៀមឆន្ទៈយ៉ាងខ្ពស់ដើម្បីឈានទៅក្រសោបពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទីពីរ។ លោកបញ្ជក់ថា ការលេងវគ្គផ្ដាច់ព្រ័ត្រប៉ះព្រៃវែងសាជាថ្មីក្នុងឆ្នាំនេះ ក្រុមលោកមិនមានសម្ពាធអ្វីឡើយ។
ចំណែកកូនក្រុមវិញក៏ពុំមាននរណាមានបញ្ហារបួសដែរ។ ជាចុងក្រោយ លោក Matthew Sinclair គ្រូបង្គោលក្រុមជម្រើសខេត្តព្រៃវែង សប្បាយចិត្តដែលកូនក្រុមបានចូលរួមប្រកួតប្រជែងក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនេះ ព្រោះបានស្រូបទាញបទពិសោធថ្មីៗ និងសម្រួចសមត្ថភាពពួកគេកាន់តែប្រសើរ។ លោកបន្ថែមថា ទោះប៉ះក្រុមណាក៏ដោយ កូនក្រុមតែងតែប្រឹងប្រែងអស់ពីសមត្ថភាព ជាពិសេសការប្រកួតផ្ដាច់ព្រ័ត្រដ៏សំខាន់នេះ។
គួរដឹងដែរថា មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯកថ្នាក់ខេត្ត២០២០ ព្រៃវែងបានទម្លាក់សៀមរាប និងត្បូងឃ្មុំ ឈ្នះកែប។ ក្នុងថ្ងៃផ្ដាច់ព្រ័ត្រទី២៩ ខែកក្កដា ដដែល សៀមរាបជួបកែបយកលេខ៣នៅម៉ោង៣រសៀល និងត្បូងឃ្មុំ ប៉ះព្រៃវែង យកជើងឯក នៅម៉ោង៦ល្ងាច។
ដោយឡែក ការចាប់ពូលវគ្គ១៦ក្រុម ថ្នាក់ជាតិ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា មុនចាប់ផ្ដើមការប្រកួតផ្លូវការនៅថ្ងៃទី១២ និងទី១៣ ខែសីហា៕ អត្ថបទ ៖ CNCC