ភ្នំពេញ៖តារាសម្តែងលោក ប៉ែន ចំរ៉ុង ត្រូវបានតុលាការក្រុងភ្នំពេញកោះ ហៅតាមទូរស័ព្ទ ឲ្យចូលបំភ្លឺតាមបណ្តឹងរបស់ឪពុកកញ្ញា ភិន សុដាលីស ពាក់ព័ន្ធទៅនឹងការបាត់ខ្លួនរបស់តារាសម្តែង ភិន សុដាលិស ដែលឪពុករបស់នាងបានចោទប្រកាន់ទៅលើលោក ប៉ែន ចំរ៉ុង។
សូមជម្រាបថា ការបាត់ខ្លួនរបស់តារាសម្តែង ភិន សុដាលិស កូនស្រីបង្កើតរបស់ចាងហ្វាងផលិតកម្មមហាហង្ស ដែលត្រូវឪពុករបស់នាងបានចោទប្រកាន់ទៅលើតារាសម្តែង លោក ប៉ែន ចំរ៉ុង ដែលពេលនេះបានឈានទៅដល់ដំណាក់កាលតុលាការកោះហៅ លោក ប៉ែន ចំរ៉ុង ទៅសាកសួរ តាមបណ្តឹងរបស់ លោក អ៊ិន សុភិន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការកោះហៅ លោក ប៉ែន ចំរ៉ុង តាមទូរស័ព្ទ។
បើទោះបីជាមិនឃ្លាតឆ្ងាយពីនីតិវិធីក្តីប៉ុន្តែធ្វើឲ្យគេងឿងឆ្ងល់ថា ហេតុអ្វីបានជាការបញ្ជូនដីកាកោះមិនអាចទៅដល់ដៃលោក ប៉ែន ចំរ៉ុង ឬបណ្តាលមកពីលោក ចំរ៉ុង សំងំលាក់ខ្លួនរកមិនឃើញ។
លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស ដែលត្រូវជាឳពុកបង្កើតរបស់តារាសម្តែង កញ្ញា ភិន សុដាលីស បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា អ្វីដែលលោកចង់បាននាពេលនេះ គឺចង់ឲ្យ ប៉ែន ចំរ៉ុង ចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការពាក់ព័ន្ធរឿងសម្ព័ន្ធ ភាពស្នេហាជាមួយកូនស្រីរបស់លោកតាមនីតីវីធីតុលាការ។
ម្យ៉ាងទៀតចង់ឲ្យគាត់(ប៉ែន ចំរ៉ុង )ចូលទៅបកស្រាយជុំវិញការបាត់ខ្លួនរបស់កូនស្រីលោកកញ្ញា ភិន សុដាលិស ឲ្យច្បាស់លាស់។
លោកចាងហ្វាងផលិតកម្មរូបនេះបានបញ្ជាក់ទៀតថា លោកមិនបានចោទលើលោក ប៉ែន ចំរ៉ុង ទេ តែចង់បានការបកស្រាយជាក់លាក់មួយចំពោះបញ្ហានេះ ប្រសិនបើ ចំរ៉ុង ពិតជាគ្មានជាប់ពាក់ព័ន្ធរឿងបាត់ខ្លួនកូនស្រីលោកមែននោះ គួរតែចូលបំភ្លឺនៅចំពោះមុខតុលាការ។
ទាក់ទិននឹងព័ត៌មានខាងលើនេះ មេគង្គប៉ុស្តិ៍ នៅមិនទាន់ទាក់ទងសុំការ បំភ្លឺពីលោក ប៉ែន ចំរ៉ុង បាននោះឡើយទេកាលពីរសៀលថ្ងៃទី ៣ ខែកញ្ញា នេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កញ្ញា ភិន សុដាលិស ចាប់តាំងពីនាងចេញបាត់ពីផ្ទះមកទល់ពេលនេះនៅមិនទាន់ទាក់ទង ឬផ្តល់ដំណឹងណា មួយជាក់លាក់មកដល់គ្រួសារទេ ដែលជាក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ ក្រុមគ្រួសាររបស់នាង៕ដោយ៖រដ្ឋា