រដ្ឋាភិបាល និងបក្សប្រឆាំងនៅតែមិន ទាន់ស្របគ្នារឿង ផែនទី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2015 ក+ ក-

ភ្នំពេញ​៖បន្ទាប់ពី​មានការ​ផ្ទៀងផ្ទាត់​ផែនទី​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ប្រកាស​បិទផ្លូវ​តវ៉ា និង​ស្នើ​ឲ្យ​គណបក្សនយោ បាយ ឈប់​យក​រឿង​ព្រំដែន​ទៅ​ឃោសនា ដោយ​អះអាងថា គ្មាន​ផែនទី​ណា ផ្លូវការ​ជាង​ផែនទី​ដែល​បារាំង​ឲ្យ​ខ្ចី​នេះ​ទេ​។​

​តាម​ប្រភពព័ត៌មាន​ពី វី​អូ​ដេ បាន​សរសេរ​នៅថ្ងៃនេះ​ថា ក្រោយ​បញ្ចប់​ការផ្ទៀងផ្ទាត់​ផែន​ចប់ រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ហោ ណាំហុង ថ្លែងថា ផែនទី​ដែល​បារាំង​ឲ្យ​កម្ពុជា​ខ្ចី គឺ​ដូចគ្នា​ស្ទើរ​ទាំងស្រុង​ទៅនឹង​ផែន​របស់​រដ្ឋាភិបាល​ដែល​ប្រើប្រាស់ កន្លងមក​។ លោក បាន​បិទ​កម្មវិធី​ដោយ​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្សប្រឆាំង និង​អ្នកសារព័ត៌មាន​សួរនាំ​ពី​បញ្ហា​នេះ​ទៀតឡើយ ដោយ​លោក​លើកឡើងថា​៖ “​ខ្ញុំ​យល់ថា បញ្ហា​ព្រំដែន បញ្ហា​ផែនទី គួរតែ​បញ្ចប់​ត្រឹម​ប៉ុន​នេះ កុំ​ឲ្យ​បក្សនយោបាយ​យក​បញ្ហា​នេះ ទៅធ្វើ​យុទ្ធនាការ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​រដ្ឋាភិបាល​”​។​

​លោក ហោ ណាំហុង បន្ថែមថា កន្លងទៅ​រដ្ឋាភិបាល​មិន​ត្រឹមតែ​ប្រើ​ផែនទី​ខ្នាត​១/១០០ ០០០ នេះ​ទេ ថែមទាំង​ប្រើ​យន្តការ​អន្តរជាតិ និង​ការប្រើ ប្រាស់​ដី​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ក្នុង​បោះបង្គោល​ព្រំដែន​ជាមួយ​វៀត ណាម​។

​ប្រធាន​ក្រុម​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូល​ស្តាប់ ការផ្ទៀងផ្ទាត់​ផែនទី លោក អ៊ូ ច័ន្ទ​ឫទ្ធិ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅក្រៅ​វិមាន​សន្តិភាព​ថា លោក​ពុំទាន់​ប្រកាស​ជំហរ​យ៉ាងណា​នៅឡើយ​ទេ ដោយ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ កំពុង​ប្រមូល​ឯកសារ​ដើម្បី​យកទៅ​ធ្វើការ​ផ្ទៀងផ្ទាត់​។ លោក​ថា​៖ “​យើង មិន​អាចមក​អង្គុយ​មើល​អ៊ីចឹង​ហើយ យើង​ទទួលស្គាល់​[​ផែនទី​ត្រឹមត្រូវ​ហើយ មិនអាច​ធ្វើ​អ៊ីចឹង​បានទេ​។ អ៊ីចឹង​ហើយ​បាន​ខ្ញុំ​លើកដៃ​ជា​សំណួរ យើង​មាន​សំណួរ​មួយ និង​សំនូមពរ​មួយ​ទៅខាង​រដ្ឋាភិបាល​។ ទី​១ ចង់​សួរ​បញ្ជាក់ តើ​ផែន​ទីបោ​ន​ខ្នាត​១/១០០ ០០០ ដែល​បង្ហាញ​ធ្វើការ​ផ្ទៀងផ្ទាត់​ហ្នឹង ជា​ផែនទី​ដែល​យកទៅ​វាស់​ជាក់ស្តែង​នៅលើ​ផែនដី​ដែរឬទេ អាហ្នឹង​ដែល​យើងខ្ញុំ​ចង់​សួរ ហើយ​ជា​សំនូមពរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ថតចំលង​[​ផែនទី​]​ច្បាប់​ទាំងពីរ​ហ្នឹង ដែល​រដ្ឋាភិបាល​ប្រើប្រាស់ យកទៅ​វាស់វែង​ជាក់ស្តែង​ជាមួយ​ផែនទី​ដែល​បារាំង​ឲ្យ​ខ្ចី ឬ​ឲ្យ​មក​រដ្ឋាភិបាល​ហ្នឹង យើង​ចង់​យកទៅ​ផ្ទៀងផ្ទាត់​ដោយឡែក​”​។​

វី​អូ​ដេ បាន​បន្តទៀតថា យ៉ាងណាក៏ដោយ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ បដិសេធ​ការដែល​រដ្ឋាភិបាល ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អ្នក​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង រដ្ឋាភិបាល​រឿង​ព្រំដែន​នេះ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​យក​បញ្ហា​ព្រំដែន និង​រឿង​ផែនទី​នេះ​មក​ពិភាក្សា​ដដែល ទោះបី​មានការ​ហាម​ពី​រដ្ឋាភិបាល ដោយ​លោក​អះអាងថា បញ្ហា​ទឹកដី​ជា​របស់​ជាតិ មិនមែនជា​របស់​បុគ្គ​ល​ណា​ម្នាក់​ទេ​។

​ចំណែក​ប្រធាន​ក្រុម​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត សុខ ទូច អះអាងថា ក្រោយ​ការផ្ទៀងផ្ទាត់​ផែនទី​នេះហើយ គឺមាន​តម្លៃ​គ្រប់គ្រាន់​សម្រាប់​អ្នកនយោបាយ​បញ្ចប់​នូវ​ភាព​ខ្វែងគំនិត​គ្នា​៖ ”​ហើយ​យើង​ក៏​អត់​ទាន់​ជឿ​គាត់​(​រដ្ឋាភិបាល​)​ដែរ យើង​នឹងធ្វើ​នៅតាម​តំបន់​ព្រំ ដែន​តទៅទៀត ដើម្បី​អី​? ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា អស់​មន្ទិលសង្ស័យ ហើយ​ចាប់ពីពេលនេះ​ទៅ អ្នកណា​ហ៊ាន​យក​ផែនទី​ថា​ល្អ​ជាងនេះទៀត​គឺ​ខុស ព្រោះ​មិនមែន​ផែនទី​សម្តេចឪ​អ្នក​គូរ​ឯណា ផែនទី​គឺ​ផែនទី​មរតក​របស់​បារាំង នៅ​ក្នុងសម័យ​អាណានិគមនិយម​បារាំង ដូចនេះ​យើង​លែង មាន​ការខ្វែងគំនិត​គ្នា​នៅលើ​ផែនទី​ទៀតហើយ​”​។​

​ប្រភព​បន្តថា នាយក​ប្រតិបត្តិ​សហព័ន្ធ​និស្សិត​បញ្ញវ័ន្ត​កម្ពុជា លោក ទិ​ប ទាវ យល់ថា ការប្រកាស​បិទផ្លូវ​ត​វ៉ា​រឿង​ផែនទី​ព្រំដែន​នេះ ជាការ​បិទ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ក្នុងការ​ចង់ដឹង​ចង់​ឮ​រឿងនេះ​។

យ៉ាងណាក៏ដោយ​លោក​កត់សម្គាល់ថា ការផ្ទៀងផ្ទាត់​ផែនទី​ចំនួន​ពីរលើក​នេះ លោក​ថា​នៅ​ពុំទាន់​មាន​តម្លាភាព​នោះទេ ដោយសារ​ខ្វះ​អ្នកជំនាញ​ទាំង​ភាគី​កម្ពុជា និង​បរទេស ចូលរួម​ការផ្ទៀងផ្ទាត់​។ លោក​ថា​៖ “​ទោះជា​ការធ្វើ​បទ​បង្ហាញ​ទទួល និង​ផ្ទៀងផ្ទាត់​ផែនទី​ហ្នឹង មានការ​ប្រកាស​ឲ្យ​ចូលរួម​ពី​បណ្តា​ភាគី​ពាក់ព័ន្ធ​យ៉ាងណាក៏ដោយ ប៉ុន្តែ​យើង​ឃើញថា នៅតែមាន​កង្វះខាត​ពី​អ្នកឯកទេស​សំខាន់ៗ​ដែល​គិតថា​ផែនទី ហើយ​និង​ការបោះបង្គោល​នោះ វា​ត្រូវរ៉ូវ​ទៅតាម​ផែនទី​ពិត​ប្រដូច​ទៅនឹង​ការកំណត់​នៅក្នុង​ផែនទី និង​លើដី​ផ្ទាល់​ហ្នឹង នៅតែ​មិនទាន់មាន​អ្នក ឯកទេស​គ្រប់គ្រាន់​”​។​

​សូមជម្រាបថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សុំ​ខ្ចី​ផែនទី​ពី​អាមេរិក និង​អង់គ្លេស​ផងដែរ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋា ភិបាល ប៉ុន្តែ​ប្រទេស​ទាំងពីរ​នោះ​មិនទាន់​បានប្រគល់​ផែនទី​ឲ្យ​កម្ពុជា​នៅឡើយ ។​យ៉ាងនេះ​ក្តី លោក ហោ ណាំហុង ប្រកាសថា រដ្ឋាភិបាល​លែង​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​ទៀតហើយ​។​

​តែ​ទោះជា​បែបនេះ​ក្ដី ក៏​ផែនទី​ចំនួន​១២៦​ផ្ទាំង​របស់​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា​នៅក្រៅ​ប្រទេស លោក ស៊ាន ប៉េង​សែ ក៏​មិនទាន់​បាន ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រាជរដ្ឋាភិបាល​នៅឡើយ ៕

mkjkkk

លោក ហោ ណាំហុង ថ្លែង​ក្នុង​ពិធី​ទទួល​និង​ផ្ទៀងផ្ទាត់​ផែនទី​ពី​បារាំង កាលពី​ព្រឹក​មិញ នៅ​វិមាន​សន្តិភាព