ភ្នំពេញ៖អគ្គីភ័យដ៏កាចសាហាវមួយបានឆាបឆេះផ្ទះអស់ចំនួន ៣ល្វែង កាលពីវេលាម៉ោង០១:៤៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ៣១៨ ខាងត្បួងផ្សារអូឡាំពិកស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះ៣ល្វែងខាងលើមិនទាន់ស្គាល់អត្ត សញ្ញាណទេ តែបានស្គាល់ម្ចាស់ផ្ទះ១ល្វែងដែលលក់ស្បែកជើង គឺឈ្មោះចិន ណារី អាយុ៣០ឆ្នាំ ភេទស្រី ជាម្ចាស់ផ្ទះលេខ២៥A ។ចំណែកម្ចាស់ផ្ទះលេខ២៥B ដែលត្រូវភ្លើងឆាបឆេះសម្ភារះ និងរថយន្តស៊េរីទំនើប១គ្រឿងនោះ និងម្ចាស់ផ្ទះលេខ២៥Cមួយល្វែងទៀត សមត្ថកិច្ចក៏មិនទាន់ស្គាល់អត្តសញ្ញាណជាក់លាក់នៅឡើយដែរ។
តាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត ហេតុ គេឃើញផ្សែងហុយខ្មួលចេញពីក្នុងផ្ទះលក់ស្បែកជើងមួយល្វែង ដែលចាក់សោបិទជិតមិនដឹងថាម្ចាស់ផ្ទះស្នាក់នៅឬយ៉ាងណាទេ។មួយប៉ប្រិចភ្នែកសោះអំណាចភ្លើងបានឡើងខ្លាំងពេញបន្ទុកហើយក៏ឆេះរាលដាលដល់ផ្ទះ២ល្វែងទៀតដែលនៅជាប់នោះ ទើបឃើញមានសមត្ថ កិច្ចអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ដោយបានវាយទ្វារ បាញ់ទឹកចូលទើបភ្លើង មិនរាលដាលដល់កន្លែងផ្សេង។
ខណះនោះគេឃើញសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ដើម្បី ពន្លត់ភ្លើងដែលឆាបឆេះនោះ ដោយប្រើរយៈពេលប្រមាណ ១ម៉ោង ទើបគ្រប់គ្រងស្ថានភាពអគ្គិភ័យបានទាំងស្រុង និងមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះដែលនៅជិតនោះទៀត។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យទ្រព្យសម្បត្តិ ដែលរងការខូច ខាត ដោយអគ្គីភ័យ ដោយធ្វើការសន្និដ្ឋានជាជំហានដំបូង មានរថយន្តឡិចស៊ីសពណ៌ស ស៊េរី ៤៥០អេច ១គ្រឿងម៉ូតូ៣គ្រឿង និងសំភារៈមួយចំនួនទៀត ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ។ ចំណែកឯមូលហេតុនៃគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចបញ្ជាក់ថា បណ្ដាល មកពីឆ្លងចរន្តអគ្គិសនី៕ដោយ:រដ្ឋា