ភ្នំពេញ៖ យុវជនមួយរូបដែលជាមុខសញ្ញាគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច តាមសារក្នុងFacebook ត្រូវកម្លាំងនគរបាលនៅក្រុងប៉ោយប៉ែតឃាត់ខ្លួននៅចំណុចព្រំដែនប៉ោយប៉ែត បន្ទាប់យុវជនរូបនេះ បានឆ្លងដែនពីប្រទេសថៃចូលកម្ពុជាវិញ កាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ ។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបានផ្សាយថា ជនសង្ស័យមាន ឈ្មោះ ផង់ សីហា ភេទប្រុស អាយុ២៧ឆ្នាំ មានទីកន្លែងកំណើត ភូមិព្រៃកន្ទ្រង់ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង និងឪពុកឈ្មោះ ផង់ សារ៉ន អាយុ៧២ឆ្នាំ រីឯម្ដាយឈ្មោះ ម៉ៅ សុភ័ក្រ អាយុ៥២ឆ្នាំ។
ជនសង្ស័យបានសារភាពប្រឥាបសមត្ថកិច្ចថា ខ្លួនជាអ្នកធ្វើ និងបង្ហោះសារអមដោយរូបភាពគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ដោយប្រើតាមទូរស័ព្ទដៃ ។សកម្មភាពកន្លងមក ធ្លាប់លួចលុយព្រះសង្ឃក្នុងវត្ត នៅស្រុកកំណើតកាលពីឆ្នាំ២០១២ និងរត់គេចខ្លួនទៅធ្វើពលករនៅប្រទេសថៃរហូតមក។
សមត្ថកិច្ចមិនបានបញ្ជាក់លម្អិតថាតើការបង្ហោះសារគំរាមនេះ ធ្វើឡើងតាមបញ្ជារបស់នរណាឬយ៉ាងណានោះទេ៕