តារាចម្រៀង សួស សងវាចា បញ្ជូនទៅសង្គ្រោះបន្ទាន់នៅវៀតណាម
ភ្នំពេញ៖ តារាចម្រៀងសំនៀងពិរោះបទមនោសញ្ចេតនា លោក សួស សងវាចា ដែលកើតជំងឺលើសឈាម ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យជោរីភ្នំពេញ ដឹកទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម កាលពីនៅម៉ោង០៨ៈ៤៥នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥។នេះបើតាមការឲ្យដឺងពីក្រុមគ្រួសារលោក សួស សងវាចា។
ក្រុមគ្រួសារលោក សួស សងវាចា បន្តថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះអាការៈជំងឺតារាចម្រៀង សួស សងវាចា មានភាពធូរស្រាលជាងមុនបន្តិចហើយ។
គួរបញ្ជាក់ថា លោក សួស សងវាចា កើតជំងឺលើសឈាម ហើយបានដួលបណ្តាលឲ្យដាច់សរសៃឈាមខួក្បាល កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងពេលដែលរត់ហាត់ប្រាណនៅមុខផ្ទះរបស់លោក ហើយភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរីភ្នំពេញ ស្ថិតក្នុងខណ្ឌច្បារអំពៅ៕