ភ្នំពេញ:ថ្មីៗនេះ ក្រសួងមហាផ្ទៃបានចេញអនុក្រឹត្យរៀបចំគោលការណ៍យុទ្ធសាសដោយប្រគល់ភារកិច្ចដល់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេក វិទ្យាត្រូវ ”ស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ចំពោះសកម្មភាពញុះ ញង់ ជេរប្រមាថ រើសអើងពូជសាសន៍ បង្កចលាចលក្នុងសង្គមតាមប្រព័ន្ធអ៊ិនធើណែត ” ។
យោងតាមអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង មហាផ្ទៃចុះថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៥ បានឲ្យដឹងថា នាយកដ្ឋានប្រឆាំងបទ ល្មើសបច្ចេកវិទ្យាដែលជាសេនាធិការនៃក្រសួងមហាផ្ទៃនឹងសិក្សារៀបចំគោលការណ៍ វិធានការ យុទ្ធសាស្ត្រ និងផែនការសកម្មភាពលើការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា។ នាយកដ្ឋានក៏មានតួនាទីក្នុងប្រមូល និងវិភាគទិន្នន័យប្រព័ន្ធ ទូរគមនា គមន៍ ដើម្បីរកឲ្យឃើញបទល្មើសនិងការគំរាមកំហែងដល់សន្តិសុខជាតិតាមប្រព័ន្ធអ៊ិនធើណែតផងដែរ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់កាសែតក្នុងស្រុកថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានេះ ទើបតែបង្កើតថ្មី និងមិនទាន់លេចជារូបរាងនៅឡើយទេ។ ការបង្កើតនេះប្រយោជន៍ដើម្បីទប់ស្កាត់គ្រោះថ្នាក់ទាក់ទងនឹងការញុះញង់នានាតាមប្រព័ន្ធអ៊ិនធើណែតដែលបង្កឲ្យមានអសន្តិសុខជាតិ។
លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា៖ “ការញុះញង់ឲ្យមានបញ្ហាហ្នឹង គឺទាក់ទងដល់សន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ហើយបើសិនជាយើងអត់មានវិធានការដើម្បីទប់ស្កាត់ ដើម្បីដោះស្រាយបញ្ហាហ្នឹងទេ សង្គមយើងអាចប្រឈមនឹងគ្រោះថ្នាក់”។
សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០១៥ កន្លងមកនេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់លិខិតទៅក្រសួងចំនួន២ គឺក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីឲ្យចាត់វិធានការតាមផ្លូវច្បាប់ និងផ្លូវបច្ចេកទេសលើអ្នកលេងហ្វេសប៊ុកមួយចំនួនដែលលោកហៅថាជា”ជនអគតិ និងអសីលធម៌” ករណីប្រមាថ និងវាយប្រហារបរិហារកេរ្តិ៍ទៅលើមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាជរដ្ឋា ភិបាល។
លោក ផៃ ស៊ីផាន បញ្ជាក់ថាការប្រមាថ និងការបរិហារកេរ្តិ៍ គឺមិនស្ថិត នៅក្នុងសេរីភាពនៃការបញ្ចេញយោបល់នោះឡើយ ប៉ុន្តែវាជាការរំលោភ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលត្រូវរងការប្រមាថ និងបៀតបៀនសេចក្តីថ្លៃថ្នូរ។
ក្រសួងមហាផ្ទៃ កាលពីសប្តាហ៍មុន បានចាប់ខ្លួនអ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូបពាក់ព័ន្ធ នឹងការគំរាមសម្លាប់លោក សុខ ទូច ប្រធានក្រុមស្រាវ ជ្រាវកិច្ចការព្រំដែននៅ រាជបណ្ឌិត្យសភាកម្ពុជា ហើយត្រូវតុលាការក្រុងភ្នំពេញសម្រេចចេញដីកាឃុំខ្លួននៅរសៀលថ្ងៃទី៧ ខែ កញ្ញា នេះ។
របាយការណ៍របស់អង្គការលីកាដូស្តីចេញផ្សាយកាលពីខែឧសភាបាន លើកឡើងថាប្រទេសកម្ពុជាកំពុងរីកសាយភាយយ៉ាងខ្លាំងនូវការប្រើ ប្រាស់ ប្រព័ន្ធអ៊ីនធើណែត ដោយសារកើនឡើងនូវប្រភេទទូរស័ព្ទស្មាតហ្វូន ងាយស្រួលភ្ជាប់អ៊ីនធើណែត និងមានបណ្តាញទូរស័ព្ទចល័តយ៉ាងទូលំទូលាយ។ របាយការណ៍បន្តថាក្នុងនោះប្រជាពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធអ៊ីនធើ ណែតនេះ ដើម្បីចែករំលែកព័ត៌មានក្នុងសង្គមរួមមាន ការប្រើហិង្សារបស់នគរបាល និទណ្ឌភាព អំពើពុករលួយ និងការកាប់ បំផ្លាញព្រៃឈើជាដើម។ លីកាដូបានបញ្ជាក់ថា សេរីភាពនៃការ បញ្ចេញមតិប្រភេទនេះកំពុងស្ថិតនៅក្រោមការគំរាមកំហែង ដោយសាររដ្ឋាភិបាលបានបង្កើតក្រុមអ្នកជំនាញលើប្រព័ន្ធអ៊ីនធើណែត (Cyber War Team) ដើម្បីត្រួតពិនិត្យប្រមូលព័ត៌មានពីប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសហ៊ុក និងតាមរយៈគេហទំព័រផ្សេងទៀត។
ចំណែកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឲ្យដឹងទាក់ទងនឹងសេចក្តី ព្រាងច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នេះថា សេចក្តីព្រាងច្បាប់នេះ បានដាក់បញ្ចូលចំណុចនៃការជេរប្រមាថ ដើម្បីធានាប្រយោជន៍អ្នកប្រើប្រាស់។
សេចក្តីព្រាងច្បប់នេះទុកមួយអន្លើសិន ដោយសាររាជរដ្ឋាភិបាលជាប់ដោះស្រាយការងារនានាដែលមានលក្ខណៈ បន្ទាន់ និងអាទិភាពជាង។
ក្រសួងប្រៃសណីយ៍អះអាងថា ច្បាប់នេះមានបំណងកំណត់វិធានការអប់រំ បង្ការទប់ស្កាត់ និងបង្ក្រាបការប្រព្រឹត្តិបទល្មើសនានាតាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដើម្បីធានាការអនុវត្តច្បាប់ ប្រយុទ្ធ ប្រឆាំងនិងបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌ មាន ក៏ដូចជាសុវត្ថិភាព និងការពារផលប្រយោជន៍ស្របច្បាប់ក្នុងការប្រើ ប្រាស់ និងអភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ក្រសួងប្រៃសណីយ៍ក៏បានលើកឡើងផងដែរថា៖ “ការផ្សព្វផ្សាយខ្លឹម សារដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គមជាតិ រាប់ទាំងការញុះញង់ឲ្យមានការប្រកាន់ពូជសាសន៍ ជំនឿសាសនា ឬការមួលបង្កាច់ បរិហាកេរ្តិ៍ និងការជេរប្រមាថជាដើម ក៏នឹងត្រូវរាប់បញ្ចូលក្នុងចំណោមបទល្មើសនានាដែរ។ ក៏ប៉ន្តែជាគោលការណ៍ ការផ្តន្ទាទោស និងការដាក់ពិន័យចំពោះបទល្មើសទាំងឡាយខាងលើនេះ នឹងត្រូវមានសង្គតិភាពជាមួយបញ្ញត្តិច្បាប់នានា ជាធរមាន ដូចជាច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រម ព្រហ្មទណ្ឌ ជាដើម”៕