រំលឹកព័ត៌មាន៖ក្រោយពេលបុរស៣នាក់ត្រូវ បានចាប់ខ្លួនរួចមក នៅថ្ងៃសុក្រទី១២ខែកញ្ញា ក្រសួងមហាផ្ទៃបានបង្ហាញឯកសារនិងត្រារដ្ឋាភិបាលក្លែងក្លាយប្រហែល១.០៥០ ពុម្ពដែលសមត្ថកិច្ចបានរកឃើញក្នុងផ្ទះមួយរបស់ជនសង្ស័យនៅទីក្រុងភ្នំពេញ ។
មន្ត្រីសមត្ថកិច្ចមួយរូបបានប្រាប់ឲ្យដឹងថា នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្របានឆ្មក់ចូលផ្ទះមួយនៅខណ្ឌ ដូនពេញរបស់ឈ្មោះ នៅ សាខន អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៦ ផ្លូវ លេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដែលនៅផ្ទះ នោះ គេបានរកឃើញត្រាក្លែងក្លាយដូច ត្រាផ្ទាល់ខ្លួនរបស់លោក កែប ជុតិមា សមាជិកសភាគណបក្សប្រជាជនកម្ពុជា,របស់លោក ម៉ៅ ចាន់ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងត្រារបស់ស្ថាប័នរដ្ឋមួយចំនួនទៀត។
ប្រភពដដែលបន្តថា លោកនៅ សាខន ក៏ដូចជាលោក សោម ឧត្តមរស្មី អាយុ២៤ឆ្នាំ និងលោក ញ៉េប វណ្ណា អាយុ៥១ឆ្នាំ នឹងឡើងសាលាដំបូងរាជធានីនៅថ្ងៃចន្ទទី១៥ខែកញ្ញានេះ។
លោកឧត្តមសេនីយ៍ទោ អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រាប់អ្នកកាសែតថា “ឥឡូវនេះ យើងកំពុងស៊ើប អង្កេតមនុស្សផ្សេងទៀត ក្រៅពីមនុស្សទាំង៣នាក់នេះដែលជាប់ពាក់ព័ន្ធ ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានបញ្ជាក់ថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងបន្ទាប់ពីឯកសារក្លែងក្លាយមួយមាន ហត្ថលេខា ត្រា ហើយនិងអាជ្ញាប័ណ្ណរបស់ក្រសួងពាណិជ្ជ កម្មត្រូវបានគេរកឃើញ។
ទោះជាយ៉ាងនេះក្តីលោក ម៉ក់ ជីតូ មិនអាចទាក់ទងសុំការអធិ ប្បាយបានទេកាលពីថ្ងៃសៅរ៍កន្លងមកនេះ ប៉ុន្តែមន្ត្រីមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មានមន្ត្រីក្រសួងពាណិជ្ជកម្មខ្លះបានជាប់ពាក់ព័ន្ធ។
ប្រភពដែលសុំលាក់ឈ្មោះបានបន្តថា “ក្រសួងពាណិជ្ជកម្មជាដើមបណ្តឹងក្នុងសំណុំរឿងនេះ សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតមនុស្សជាច្រើននាក់ទៀតដែល អាចពាក់ព័ន្ធក្នុងការធ្វើឯកសារក្លែងក្លាយ” នោះ។
តាមសេចក្តីរាយការណ៍បង្ហាញថា ការរកឃើញឯកសារក្លែងក្លាយពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម និងស្ថាប័នរដ្ឋផ្សេងទៀតនេះ បាននាំឲ្យមានការស៊ើបអង្កេតទៅដល់ផ្ទះលោក សាខន ដែលនៅផ្ទះនោះគេបានរកឃើញត្រាប្រហែល១.០៥០ ពុម្ពដែកចំនួន៣៧ និងពុម្ពស្ពាន់ចំនួនពីរ ហើយនិងឧបករណ៍សម្រាប់ផលិតឯកសារក្លែងក្លាយជាច្រើនទៀត។ប្រភពដដែល ន្តថា ត្រាក្លែងក្លាយរួមមាន ត្រារបស់ក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ ក្រសួងការបរទេស ក្រសួងអប់រំ ក្រសួងកសិកម្ម និងត្រារបស់ធនាគារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ក្រៅពីនោះគេឃើញមានទាំងត្រាក្លែងក្លាយរបស់ នគរបាលជាតិ ស្នងការដ្ឋាននគរបាល៥ខេត្ត អង្គភាពអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ត្រារបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់ស្ថាប័នជាច្រើនផ្សេងទៀត។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ ប្រាប់ថា លោករវល់ណាស់មិនអាចអធិប្បាយអំពីករណីនេះបាន ទេ ៕ សុត្ថារ៉ូ
ជនសង្ស័យនៅសាលាដំបូងរាជធានីថ្ងៃទី១៥ខែកញ្ញា២០១៤