ភ្នំពេញ:សម្តេចក្រុមព្រះនរោត្តម រណ ឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មានព្រះ បន្ទូលថាព្រះអង្គទទួលបានព័ត៌មាន ពីមន្ត្រីជំនាញកម្ពុជាថា សម្តេចតាព្រះបរមរតនកោដ្ឋពិតជាបានយកផែនទីទៅប្រគល់ឲ្យអាមេរិក ប៉ុន្តែថាអាមេរិកមានបំណងមិនចង់ប្រគល់ឲ្យកម្ពុជា ដោយចាត់ទុកថាជារឿងសម្ងាត់។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅពេលលាបំណន់នៅវត្តភ្នំ សម្តេចក្រុមព្រះមានព្រះបន្ទូលថាព្រះអង្គមិនគាំទ្រគណបក្សសង្គ្រោះជាតិដែលរង់ចាំផែនទីពីសហរដ្ឋ អាមេរិកដែលរដ្ឋាភិបាលបានស្នើសុំនោះទេ។ព្រះអង្គបន្តថាព្រះអង្គគាំទ្ររដ្ឋាភិបាលដែលបញ្ចប់ការងារត្រួតពិនិត្យផែនទីនេះ។ព្រះអង្គបន្ថែមថា ព្រះអង្គទទួលបានព័ត៌មានថា សម្តេចតាពិតជាបានប្រគល់ផែនទីទៅឲ្យសហរដ្ឋអាមេរិកមែន។
ព្រះអង្គមានព្រះបន្ទូលថា៖ “ខ្ញុំអត់គាំទ្រសង្គ្រោះជាតិទេ។ ខ្ញុំគាំទ្រសម្តេច នាយក(លោក ហ៊ុន សែន) ព្រោះគាត់បានប្រកាសហើយគាត់ថាគាត់បានទៅថតហើយ។ ខ្ញុំជួបចៃដន្យ កន្លែងណាខ្ញុំមិនជម្រាបទេ ខ្ញុំជួបឯកឧត្តមវ៉ា គឹមហុង(ប្រធានគណៈកម្មាធិការកិច្ចព្រំដែនកម្ពុជា) ខ្ញុំសួរថាតើឪពុកខ្ញុំនេះ ព្រោះសម្តេចនាយកមានប្រសាសន៍ថាសម្តេចតាលោកថាបាន ប្រគល់ផែនទី តើលោកបានប្រគល់ផែនទីហ្នឹងទេ មែនឬក៏មិនមែន? ឯក ឧត្តមវ៉ា គឹមហុង ខ្សឹបថាសម្តេចតាបានប្រគល់មែន ប៉ុនទៅសុំគេ គេមិនឲ្យទេ គេថាអានេះ វាសម្ងាត់”។
សម្តេចក្រុមព្រះបានចំអកឲ្យគណបក្សសង្គ្រោះជាតិឲ្យទៅសុំផែនទីពីសហរដ្ឋអាមេរិក ដោយថាភាគីទាំងពីរមានទំនាក់ទំនងជិតស្និទ្ធិនឹងគ្នា។
សម្ដេចក្រុមព្រះនរោត្តម រណ ឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានមានបន្ទូល ទាក់ ទងនឹងបញ្ហាព្រំដែននៅព្រឹកនេះថា សម្ដេចឪព្រះករុណាព្រះមហាវីរក្សត្រនៃយើងព្រះអង្គ បានផ្ដាំមិនឲ្យកូនចៅយកបញ្ហាព្រំដែនមកលេងសើច ដើម្បីកេងចំណេញនយោបាយ។
ចំពោះការផ្ទៀងផ្ទាត់ផែនទីដែលផ្ដល់ដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលបារាំងជាមួយផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ដោយព្រះអង្គបញ្ជូនមន្ត្រីទៅចូលរួមតាមដានលើកទី ១ចំនួន ៦នាក់ និងលើកទី២ចំនួន ៤នាក់។ក្រោយពីការតាម ដាន និងពិនិត្យជាក់ស្ដែងទៅលើការផ្ទៀងផ្ទាត់ផែនទីនោះសម្ដេចក្រុមព្រះ បានមានព្រះ រាជបន្ទូលថា គឺបានបញ្ជាក់ថា មិនមានការខុសប្លែកគ្នាទាស់តែសោះរវាងផែនទី ដែលរាជ រដ្ឋាភិបាលបានប្រើប្រាស់សម្រាប់បោះបង្គោលព្រំដែនជាមួយនឹង ផែនទីដែលផ្ដល់ដោយអង្គការសហប្រជាជាតិ និងបរទេសនោះឡើយ។
កាលពីខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់លិខិតមួយទៅប្រធានាធិបតីអាមមេរិក លោក បារ៉ាក់ អូបាម៉ា ដោយបានជម្រាបថាកម្ពុជាធ្លាប់មានទំនាក់ទំនងកាលពីអតីតកាលលើការ ងារមួយ ចំនួនទាក់ទងនឹងផែនទី។ លិខិតបន្តថាកម្ពុជាសង្ឃឹមថារដ្ឋាភិបាលអាមេ រិកនៅរក្សាទុកនូវផែនទីរវាងកម្ពុជានិងប្រទេសជិតខាង។ បើតាមលិខិត លោក ហ៊ុន សែន បានសុំខ្ចីផែនទី និងស្នើសុំជំនួយពីអាមេរិកក្នុងការបញ្ជូនអ្នកឯកទេសខាងផែនទី មកកម្ពុជាដើម្បីផ្ទៀងផ្ទាត់ផែនទី។
ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍ថាលោកមិនបានជួបសម្តេចក្រុមព្រះនិយាយពីបញ្ហានេះនោះទេ។ លោកបញ្ជាក់ថា៖ “…ឥឡូវលោកថាអីថាទៅ ខ្ញុំគ្រាន់តែថាខ្ញុំអត់បានថាអ៊ីចឹងទេ លោក(សម្តេចក្រុមព្រះ)សួរខ្ញុំ ខ្ញុំអត់មានថាអ៊ីចឹងទេ…”។
មន្ត្រីផ្នែកកិច្ចការសាធារណៈស្តីទីរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Courtney Woodsប្រាប់បណ្តាញព័ត៌មានក្នុងស្រុកតាមរយៈសារអេឡិចត្រូនិចនៅរសៀលនេះថា ស្ថានទូតសុំមិនអត្ថាធិប្បាយចំពោះការលើកឡើងរបស់សម្តេចក្រុមព្រះនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា ផែនទីកម្ពុជាដែលអាមេរិកមានគឺបានតម្កល់ទុកក្នុងក្នុងបណ្ណាល័យសភាអាមេរិក(Library of Congress)ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលសាធារណជនអាចចូលទៅរកមើលបាន។
គួររំលឹកថា ក្រុមជំនាញនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការផ្ទៀងផ្ទាត់ផែនទីកម្ពុជាជាមួយផែនទី១៨ផ្ទាំងខ្ចីមកពីអង្គការសហប្រជាជាតិ និងផែនទីបារាំងអោយ ដោយមន្ត្រីរដ្ឋា ភិបាលបានអះអាងថាផែនទីទាំងនោះគឺដូចគ្នា បន្ទាប់មកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបញ្ចប់ការផ្ទៀងផ្ទាត់ផែនទីតទៅទៀត។
កន្លងទៅ តំណាងរាស្ត្រសង្គ្រោះជាតិដែលសកម្មនឹងបញ្ហាព្រំដែន លោក អ៊ុំ សំអាន បាន លើកឡើងថាលោកពិតជាបានរកឃើញផែនទី២៦ផ្ទាំងដែលលោកអះអាងថា ជាផែនទី បោននិងពុំមានត្រាវៀតណាម ហើយព្រះបរមរតនកោដ្ឋតម្កល់ទុកនៅសហរដ្ឋ អាមេរិកកាលពីឆ្នាំ១៩៦៤។
ទាក់ទងនឹងផែនទីតម្កល់នៅអង្គការសហប្រជាជាតិវិញ រហូតមកដល់ពេលនេះ មន្ត្រីជំនាញកម្ពុជាមិនអាចបកស្រាយបានទេថាតើព្រះបរមរតនកោដ្ឋពិតជាបានដាក់ផែនទីកម្ពុជាតម្កល់នៅអង្គការសហប្រជាជាតិកាលពីទសវត្សរ៍៦០ឬយ៉ាងណា។
យោងតាមមាត្រា២នៃរដ្ឋធម្មនុញ្ញចែងថាបូរណភាពទឹកដីរបស់ព្រះរាជា ណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែល មានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣- ១៩៥៣ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ -១៩៦៩៕
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ មានព្រះបន្ទូលទៅកាន់អ្នកសារព័ត៌មាន ពេលលាងបំណន់នៅវត្តភ្នំ ព្រឹកថ្ងៃសុក្រទី១១កញ្ញានេះ