ភ្នំពេញ: អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់នៅថ្ងៃទី១១ ខែកញ្ញា នេះថា រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជូនដំណឹងមកកម្ពុជាថា មានជនភៀសខ្លួន រស់នៅកោះ ណាវរូ ចំនួន ៤ នាក់បន្ថែមទៀត បានស្ម័គ្រចិត្តមករស់នៅប្រទេសកម្ពុជា។
លោក ខៀវ សុភ័គ បានបន្តថា តាមការផ្តល់ដំណឹងពីខាងអូស្ត្រាលី គឺជនភៀសខ្លួន ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើកោះ ណាវរូ ចំនួន ៤នាក់ថ្មីទៀត បានស្ម័គ្រចិត្តសុំមករស់នៅក្នុប្រទេសកម្ពុជា។ ពួកគេទាំង ៤ នាក់ថ្មីនេះ គឺមាន ៣នាក់ ជាជនជាតិអ៊ីរ៉ង់ និងម្នាក់ទៀតជាជនជាតិ ភាគតិចភូមា រ៉ូហ៊ីងយ៉ា។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តទៀតថា នីតិវិធី គឺធ្វើដូចពីលើកមុនៗ និងយោងទៅលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី។
ជាដំបូង គឺកម្ពុជានឹងបញ្ជូនមន្ត្រីអន្តោប្រវេសន៍ ទៅកាន់កោះណាវរូ ម្តង ទៀត គឺអាចនៅចុងខែកញ្ញានេះ ឬអាចនឹងនៅដើមខែក្រោយដើម្បីពិនិត្យឱ្យបានល្អិតល្អន់ រួចធ្វើរបាយ ការណ៍ជូនក្រសួងមហាផ្ទៃដើម្បីសម្រេច។
គួរំលឹកថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ កម្ពុជា បានទទួលជនភៀស ខ្លួនពីកោះណាវរូ ប្រទេសអូស្ត្រាលី ចំនួន ៤ នាក់ ដែលបានស្ម័គ្រចិត្តមករស់នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានជនជាតិអ៊ីរ៉ង់ ៣ នាក់ ( ស្ត្រីម្នាក់ ) និងបុរសជនជាតិភាគតិចភូមា រ៉ូហ៊ីងយ៉ា ម្នាក់។ ជនភៀសខ្លួនទាំង ៤ នាក់នោះ ត្រូវបានចាត់ចែងឲ្យស្នាក់នៅលំនៅដ្ឋានមួយកន្លែង ក្នុងសង្កាត់ច្បារ អំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប៉ុន្តែ ថ្មីៗនេះ មានបុរសម្នាក់ជា ជនជាតិភាគតិចភូមា រ៉ូហ៊ីងយ៉ា ម្នាក់បានស្នើរាជរដ្ឋាភិបាលកម្ពុជា សុំទៅរស់នៅប្រទេសភូមាវិញ ហើយកម្ពុជាកំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិ បាលភូមា។
ប្រភពបន្តថា ដំណឹងនៃការស្ម័គ្រចិត្តរបស់ជនភៀសខ្លួន ៤ នាក់បន្ថែម ទៀត មកពីកោះណាវរូ ប្រទេសអូស្ត្រាលី សុំរស់នៅក្នុងទឹកដីប្រទេសកម្ពុជានៅពេលនេះ គឺបានកើត ឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរវាងសម្តេច ស ខេង ជាមួយនឹងលោក ភីតធើ ឌុចតុន ( Petter Dutton) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនរបស់ប្រទេសអូស្ត្រាលី កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ក្នុងឧកាសស្នាក់នៅកម្ពុជាលោក ភីតធើ ឌុចតុន ក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយក៏បានពិភាក្សាពីបញ្ហាជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលីនេះផងដែរ។
សូមបញ្ជាក់ថា កាលពីមួយឆ្នាំមុន ប្រទេសអូស្ត្រាលីបានសន្យាផ្ដល់ប្រាក់ជំនួយបន្ថែមដល់ប្រទេស កម្ពុជាចំនួន៤០លានដុល្លារអូស្ត្រាលី ២៨,១លានដុល្លារ ជាថ្នូរនឹងការព្រមព្រៀងតាំងទីលំនៅថ្មីដល់ជនភៀសខ្លួនក្នុង ចំនួនមិនបញ្ជាក់ដែលប្រទេសអូស្ត្រាលីកំពុងឃុំខ្លួននៅលើកោះណាវរូកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក៕ដោយ៖ក.ម៉ានូ