ខេត្តកំពត៖ ប្រជាពលរដ្ឋ ១.៥៧១គ្រួសារ ក្នុងឃុំចំនួន៣ គឺឃុំម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង និងឃុំព្រៃឃ្មុំ ហើយកំពុងបន្តជន់លិចផ្នែកខ្លះទៀតនៃឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដែលមួយផ្នែកបង្កឡើងដោយជំនន់ទឹកភ្លៀងបង្អុរជាប់ៗគ្នា និងមួយផ្នែកទៀតដោយសារទ្វារទឹកវារីអគ្គិសនីកំចាយបានបើកបង្ហូរទម្លាក់ចុះយ៉ាងគំហុក។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា គិតមកត្រឹមព្រឺកថ្ងៃទី១៦កញ្ញានេះ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៣ឃុំ មានឃុំម៉ាក់ប្រាំង ឃុំកំពង់គ្រែង និងឃុំព្រៃឃ្មំ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ប្រមាណ ១.៥៧១ គ្រួសារ ត្រូវទឹកជន់លិចបន្ចាប់ពីក្រុមហ៊ុនវារីអគ្គិសនីកំចាយបើកទ្វារទឹកទម្លាក់មកក្រោមផង បូករួមទាំងទឹកភ្លៀងដែលបង្អុរជាប់គ្នាផងធ្វើឲ្យទឹកជំនន់ឡើងជន់លិចយ៉ាងគំហុក។
ក្រោយពីមានទឹកជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងចំនួន ៣ឃុំ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីចុះទៅដោះស្រាយសម្រួលការងារផ្សេងៗរួមនឹងការត្រៀមសង្គ្រោះប្រជាពលរដ្ឋចេញពីកន្លែងគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។
លោក អ៊ុក ឡាយ អភិបាលស្រុកទឹកឈូ បានប្រាប់ មេគង្គប៉ុស្តិ៍ នៅថ្ងៃទី១៦ ខែកញ្ញា នេះថា អាជ្ញាធរកំពុងមមាញឹកក្នុងការត្រួតពិនិត្យ និងជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះទៅរកទីទួលសុវត្ថិភាព។ លោកបញ្ជាក់ថា អាជ្ញាធរមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះបាននៅឡើយ ប៉ុន្តែមកទល់ពេលនេះ មិនមានពលរដ្ឋណាម្នាក់បាត់បង់ជីវិតដោយទឹកជំនន់នោះទេ។
ពលរដ្ឋរស់នៅឃុំម៉ាក់ប្រាង្គ លោក ជុំ វាសនា បានប្រាប់ មេគង្គប៉ុស្តិ៍ ថា ទឹកជំនន់នេះបានហូរចូលជនន់លិចតាំងយប់ថ្ងៃទី១៥ ខែកញ្ញា មកម្ល៉េះ និងបានរាលដាលទៅតំបន់ក្បែរនោះ ដោយសារតែមេឃនៅបន្តភ្លៀងផ្ទួនៗ ជាហេតុធ្វើឱ្យបរិមាណទឹកដ៏ច្រើនបានហូរចេញភ្នំបូកគោ និងពីទំនប់វារីអគ្គិសនីកំចាយបង្កជាទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់លំនៅឋាន ផលដំណាំ និងសត្វចិញ្ចឹមរបស់ពលរដ្ឋយ៉ាងច្រើន។
ពលរដ្ឋដែលរងគ្រោះបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តារួស រាន់ជួយរិះរកវិធីអន្តរាគមន៍ដល់ពួកគាត់ផង បើមិនដូច្នោះទេទឹកជំនន់នេះនឹងបង្កគ្រោះថ្នាក់ពួកគាត់យ៉ាងធ្ងន់ធ្ងរជាមិនខានឡើយ៕ដោយ៖ខេមរា