បាត់ដំបង:កម្ពុជា ថៃ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានសម្រេចបិទច្រកអន្តរជាតិជាប់ព្រំដែនចំនួនពីរ ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹក ភ្លៀងជនលិច ដើម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗ។
អគ្គស្នងការនគរបាលជាតិប្រកាសថា ច្រកអន្តរជាតិពីរនោះមាន ច្រកអន្តរជាតិដូង និងច្រកតំបន់អូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ផ្តាច់ផ្លូវ អាចបង្កគ្រោះថ្នាក់ដល់រថយន្តតូច-ធំ ដែលធ្វើចរាចរណ៍ដឹកទំនិញឆ្លងកាត់ព្រំដែន ។
ទឹកដែលជនលិចផ្លូវមួយចំនួនតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នេះ មានកម្ពស់ជាង ១ម៉ែត្រ ចំណែកអាគាររដ្ឋាករ អាគារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងប៉ុស្ថិ៍ត្រួតពិនិត្យខាងមុខច្រក ក៏បានរងការលិចលង់ធ្វើឲ្យមន្ត្រីនៅទីនោះនាំគ្នារើអីវ៉ាន់ទៅរកទីទួលសុវត្ថិភាពបណ្តោះអាសន្ន។
គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋ ៤១៤ខ្នង នៅស្រុកកំរៀងរងការជនលិច ដូចជាឃុំ តាសែន ចំនួន ១១២ខ្នង ឃុំត្រាង ៧៣ខ្នង ឃុំអូរដា ១២៥ខ្នង ឃុំបឹងរាំង ១០០ខ្នង និងឃុំកំរៀង ៤ខ្នង។
ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា នៅប៉ុន្មានថ្ងៃនេះ កម្ពុជាបានរងសម្ពាធទាបព្យុះពីប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ហើយថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកញ្ញានេះ កម្ពុជានឹងរងសម្ពាធទាបមួយ ទៀត ដែលបក់មកពីប្រទេសហ្វីលីពីន។
លោកកែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា តាមទិន្នន័យសរុបនៃផលប៉ះពាល់ដោយសារខ្យល់ព្យុះ និងជំនន់ទឹកភ្លៀងនៅ ខេត្តព្រះសីហនុពីថ្ងៃទី១៥ ដល់១៧ កញ្ញា មានផ្ទះ១៥ខ្នង ត្រូវរបើកដំបូល។ លោកបន្ថែមថា នៅខេត្តកោះកុង មានផ្ទះ១៧ខ្នង ត្រូវខ្យល់បក់ឲ្យរបើកដំបូល ចំណែកនៅខេត្តកំពតផ្ទះប្រជាជនប្រមាណ៣៦០០ខ្នង ត្រូវទឹកជន់លិចនិង ដំណាំប្រមាណ១៥០០ហិកតារងការ ខូចខាត៕ដោយ៖រដ្ឋា
ច្រកអន្តរជាតិកម្ពុជា-ថៃ ដែលរងគ្រោះដោយទឹកជំនន់(រូបភាពពីអគ្គស្នងការរដ្ឋាននគរបាលជាតិ)