ភ្នំពេញ:គូសង្សារ២គូ ត្រូវបានសមត្ថកិច្ចខណ្ឌសែន សុខ ចុះទៅឃាត់ខ្លួនដល់ក្នុងបន្ទប់តាមសេចក្តីរាយការណ៍របស់ម្ចាស់ផ្ទះសំណាក់យីហោ មនោរម្យ និងរឹបអូសបានវត្ថុតាងមួយចំនួនមានដូចជា ថ្នាំញៀន និងឧបករណ៍សេពគ្រឿងផងដែរ។
លោកវរសេនីយឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី២០ខែកញ្ញាឆ្បាំ២០១៥ បានប្រាប់ឲ្យដឹងថា លោកបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់មនោរម្យ នៅភូមិត្រពាំងឈូក សង្កាត់ទឺកថ្លា ខណ្ឌសែនសុខ បានរាយការណ៍ថា មានគូស្នេហ៍២គូសង្សារដែលគួរឲ្យសង្ស័យថា កំពុងសំងំសេពគ្រឿងញៀននៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ។
បន្ទាប់មក លោកអធិការ ក៏បានបញ្ជាកំលាំងចុះឆែកឆេរ២បន្ទប់ ឃើញគូស្នេហ៍ក្មេងចាស់២គូរកឃើញសំភារសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងថ្នាំ២កញ្ចប់ពណ៌ខ្មៅតែសមត្ថកិច្ចពុំដែលបានស្គាល់ថ្នាំប្រភេទខាងលើនេះទេ។
ក្រោយពីធ្វើការឆែកឆេររួចគូស្នេហ៍ទាំង២គូ ប្រុស២នាក់ស្រី២នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឌាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តកិច្ចការតាមនីតិវិធី៕ដោយ: សួង សាម