ភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ នេះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាសបញ្ជាក់ពីឈ្មោះគណនី Facebook របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ ដោយមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ ថ្លែងទៅកាន់គណៈរដ្ឋមន្ត្រីថា ប្រព័ន្ធសង្គម ហ្វេសប៊ុក ពិតជាផ្តល់សារសំខាន់សម្រាប់មន្ត្រីរដ្ឋាភិបាលក្នុងការទទួលបានព័ត៌មាន តែត្រូវមានការប្រុងប្រយ័ត្នក្នុងការទទួលស្គាល់ថា ព័ត៌មានពិតឬយ៉ាងណា។ លោកបានថ្លែងថា បណ្តាញសង្គម ហ្វេសប៊ុក បានក្លាយជាកន្លែងចែករំលែកព័ត៌មានថ្មីៗ ដែលមន្ត្រីរដ្ឋាភិបាលអាចទាញយកបានជាប្រយោជន៍សម្រាប់បម្រើពលរដ្ឋ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖«បើគ្មានព័ត៌មាន គឹមិនខុសពីអត់បាយ អត់ទឹកទេ»។
លោកនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា មន្ត្រីរដ្ឋាភិបាល និងពលរដ្ឋក៏ត្រូវចេះសម្រេចចិត្តថាតើព័ត៌មានណាត្រឹមត្រូវ និងព័ត៌មានណាដែលអាចជឿបាន។
សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីចេញផ្សាយនៅថ្ងៃទី ២០ខែកញ្ញា ឆ្នាំ២០១៥នេះ បានឲ្យដឹងថាកន្លងមកមានការបង្ហាញតាមប្រព័ន្ធសង្គមពិសេសតាមប្រព័ន្ធ ហ្វេសប៊ុកនូវគណនីមួយចំនួនដែលអះអាងថាជារបស់លោក ហ៊ុន សែន។ សេចក្តីជូនដំណឹងបញ្ជាក់ថា៖ “ខុទ្ទកាល័យសូមធ្វើការបញ្ជាក់បំភ្លឺជូនថាគណនីFacebookជាផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ មានឈ្មោះថាSamdech Hun Sen, Cambodian Prime Minister”។
ខាងក្រោមនេះ ជារូបភាព និងសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីស្តីពីហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន ៖